(ជប៉ុន)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការងឿងឆ្ងល់ចំពោះបំណងក្រុមប្រឆាំង ដែលព្យាយាមបំបាក់ទឹកចិត្តកងទ័ព នៅពេលដែលកម្ពុជាកំពុងមានបញ្ហាព្រំដែន ខណៈពេលមានសង្គ្រាមទ័ពសត្រូវ តែងតែព្យាយាមផ្សាយពីទិន្នន័យអ្នកស្លាប់របួស ដើម្បីបំបាក់ទឹកចិត្តទ័ពម្ខាងទៀត។

ការថ្លែងបែបនេះរបស់សម្ដេចបានធ្វើឡើង នៅក្នុងឱកាសដែរសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

សម្ដេចបវរធិបតី បានបញ្ជាក់ថា ទឹកចិត្តកងទ័ពសំខាន់ខ្លាំងណាស់ ដែលទាមទារឱ្យមានការគិតគូរឱ្យបានច្បាស់លាស់ ទាំងការទទួលយកព័ត៌មាន និងផ្សាយព័ត៌មានផ្សេងៗ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ។

សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅលើសមរភូមិ អ្នកដែលឆ្លងកាត់ប្រយុទ្ធមិនថា ជំនាន់មុនឬឥលូវភាគីម្ខាងតែងតែបំប៉ោងនូវការស្លាប់របួសរបស់ភាគីម្ខាងទៀត ដើម្បីបំបាក់ស្មារតីម្ខាងទៀត តែខ្លួនឯងអត់បង្ហាញទេ បើស្លាប់១០ប្រាប់ថាមួយ។ ឥលូវប៉ុន្មានថ្ងៃហ្នឹងកាសែតថៃមានដែលបង្ហាញថា គេមានរបួសស្លាប់ប៉ុន្មាននាក់ទេ? គេអត់ទេ គេប្រាប់តែយើងតែបងប្អូនយើងមួយចំនួនគាត់ថា សិទ្ធិក្នុងការសម្ដែងមតិខំទៅយក គាត់ថាឃើញទេ ខ្មែរលាក់ខ្ញុំទៅយកពីថៃមកផ្សាយ»

ករណីនេះសម្ដេចបានចោទជាសំណួរថា៖ «តើបងប្អូនមានចេតនា ឬក៏មិនយល់ពីចិត្តសាស្រ្តកងទ័ព ខំបង្ហាញអំពីការបាត់បង់របស់កងទ័ពរបស់យើង។ ក្រសួងការពារជាតិ ការគ្រប់គ្រងព័ត៌មាននេះគឺសំខាន់ណាស់។ […] នេះគឺជាកត្តាសំខាន់ រឿងការចេញព័ត៌មានអំពីការរបួសស្លាប់ក្រសួងការពារជាតិ ត្រូវចេញមិនមែនជាការលក់ព័ត៌មានទេ ប៉ុន្តែការគិតគូរ ទិន្នន័យ បូកនឹងពេលវេលាឱ្យបានច្បាស់លាស់»

ជាមួយគ្នានេះសម្ដេចបានអំពាវនាវឱ្យគោរពគោលការណ៍កងទ័ព ជាពិសេសការលាក់ការសម្ងាត់របស់កងទ័ព ដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតកងទ័ពរបស់យើង។ ក្នុងនាមនាយករដ្ឋមន្រ្តីនៃប្រទេស សម្តេចធិបតី ក៏បានអរគុណចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានបង្ហាញចំណងចង់ចូលរួមជាកងទ័ព ដែលទឹកចិត្តនេះសម្តេចទទួលទុក ហើយកងទ័ពក៏មានការផ្គត់ផ្គង់គ្រាប់គ្រាន់គ្រប់បែបយ៉ាងពីរដ្ឋាភិបាលមិនមានការខ្វះខាតអ្វីឡើយ ដើម្បីត្រៀមការពារបូរណភាពទឹកដី នឹងសូមកុំធ្វើអីដែលនាំឱ្យមានការប៉ះពាល់ ឬបំបាក់ទឹកចិត្តកងទ័ព៕