(តូក្យូ-ជប៉ុន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា តែងតម្កល់ការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកងទ័ពជួរមុខ ទាំងការផ្គត់ផ្គង់ស្បៀងអាហារ និងគោលនយោបាយដីធ្លី ព្រមទាំងផ្ទះសម្បែងជូនពួកគាត់។
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលរបបហូបរបស់កងទ័ពជួរមុខ គឺច្រើនជាងអ្នកជួរក្រោយ គុណនឹងពីរ ហើយបូកផ្សំជាមួយការឧបត្ថម្ភ និងការគិតគូរតាមរដូវកាលបន្ថែមពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពិសេសខែភ្លៀង និងរដូវរងា តាមរយៈការផ្ដល់អាវភ្លៀង និងអាវរងាដល់កងទ័ពជួរមុខ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការគិតគូរកងទ័ពយើងគិតរាប់សិបឆ្នាំមកហើយ គ្រឿងហូបចុក គោលរបបហូបរបស់ទាហានជួរមុខ ជិតស្មើមួយគុណនឹងពីរជាមួយទាហានជួរក្រោយ។ គ្រាន់តែកងទ័ពជាង២ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលត្រូវទម្លាក់ថវិកាបន្ថែមបំប៉នមួយជិតគុណពីរអ្នកជួរមុខ និងមានគោលនយោបាយដី ផ្ទះសម្រាប់ទាហានជាច្រើន។ ខែរងា ខែភ្លៀង សម្ដេចតេជោ បញ្ជូនអាវភ្លៀង អាវរងាជូន គិតគូរពីជំរុំជម្រក»។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរទៅក្រុមប្រឆាំង ដែលប្រឹងញុះញង់ឲ្យមានការស្អប់គ្នារវាងមេទ័ព និងកូនទ័ព មានបំណងអ្វី? ព្រោះនៅពេលមានសង្គ្រាមមេទ័ព និងកូនទ័ព គឺនៅលើសមរភូមិទាំងអស់គ្នា។ សម្ដេចក៏កាន់តែងឿងឆ្ងល់ចំពោះបំណងក្រុមប្រឆាំង ដែលព្យាយាមបំពាក់ទឹកចិត្តកងទ័ពពេលកម្ពុជាកំពុងមានបញ្ហាព្រំដែន។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ចំពោះកងទ័ពពាក់ស្បែកជើងផ្ទាត់ និងហូបក្រៀមក្រោះនៅលើសមរភូមិជួរមុខ ដែលធ្វើឲ្យមានការជជែកគ្នានៅលើបណ្ដាញសង្គម ពិសេសការរិះគន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះ សម្ដេចបានពន្យល់ថា នេះគឺជាយុទ្ធវិធីរបស់ទ័ព និងធ្វើយ៉ាងណាដើម្បីឲ្យងាយស្រួលចល័ត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានសង្កត់ធ្ងន់ថា សម្ភារៈ បរិក្ខារបំពាក់ជូនកងទ័ពជារឿងមួយ តែឆន្ទៈរបស់ទ័ពជាកត្តាសំខាន់សម្រាប់កំណត់ភាពឈ្នះ និងចាញ់ ហើយសម្ដេចក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ តែងផ្ដល់កម្លាំងចិត្តយ៉ាងធំធេង រួមជាមួយការឧបត្ថម្ភបន្ដបន្ទាប់ជូនកងទ័ព នៅពេលមានតម្រូវការណាមួយ ជាក់ស្ដែងដូចនៅពេលប៉ះទង្កិចគ្នាជាមួយកងទ័ពថៃបែបនេះ៕