(ជប៉ុន)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការងឿងឆ្ងល់ចំពោះបំណងក្រុមប្រឆាំងនៅក្រៅប្រទេស ដែលព្យាយាមនិយាយបំបាក់ទឹកចិត្តកងទ័ពពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្លួនស្រលាញ់ទ័ព តែចង់ឱ្យទ័ពច្បាំងយ៉ាងម៉េចបើបំបាក់ទឹកចិត្តគេមុនឡើងច្បាំង ?[...] នៅពេលដែលខ្មែរគ្នាឯងជជែកចង់ឈ្នះរឿងនយោបាយ បំបាក់ទឹកចិត្តទ័ពចង់ឱ្យអ្នកនេះខុស អ្នកនោះខុស ថាឱ្យរដ្ឋាភិបាល។ ធ្វើពេលណាមិនធ្វើ ធ្វើពេលយើងជិតវ៉ៃគ្នា ហើយអាហ្នឹងគិតគូរកងទ័ព គិតគូរទឹកដីទេ?»

ជាមួយគ្នានេះ សម្តេចបានលើកឡើង ចំពោះការយករូបភាពរូបកងទ័ពពាក់ស្បែកផ្ទាត់ និងហូបបាយកញ្ចប់បង្ហាញ ដែលជារឿងដែលមិនសមហេតុផល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មិនមែនទាហានខ្មែរគ្មានស្បែកជើងពាក់នោះទេ ប៉ុន្តែការដែលកងទ័ពពាក់ស្បែកជើងផ្ទាត់ និងហូបក្រៀមក្រោះនៅលើសមរភូមិជួរមុខ ជាយុទ្ធវិធីរបស់ទ័ព ព្រោះនៅត្រង់សេនៅជួរមុខ គឺទាហានមិនអាចដើរចោលទីតាំងបាននោះទេ ហើយក៏មិនអាចបង្កាត់ភ្លើងចម្អិនអាហារបានឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា «អ៊ីចឹងបើបងប្អូនខ្លះមិនយល់ពីយុទ្ធវិធីទាហាន ឃើញបងប្អូនហូបអាហារក្រៀមក្រោះនៅក្នុងត្រង់សេ អត់មានតុដែកនៅក្នុងត្រង់សេ សូមកុំគិតថា អាហ្នឹងមិនមែនជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ហេតុអ្វីគ្រាន់តែតុដែកដាក់ក្នុងត្រង់សេមិនឱ្យ។ នេះគឺជាយុទ្ធវិធីរបស់កងទ័ព មិនថាទ័ពមកពីភ្នំពេញ ឬមកពីណា បើចូលត្រង់សេ គឺលាក់ការជិត ម៉ោងយាមគឺនៅហ្នឹង អត់អាចដូរមកទាំងផ្ទាំងៗបានទេ ព្រោះចល័តពង្រាយនៅហ្នឹង ជួនកាលនៅជាប់នៅហ្នឹង២ ទៅ៣ថ្ងៃ ព្រោះតែចេញនឹងផ្លោង ឬបាត់ទីតាំង ប៉ុន្តែហេតុអីបានបងប្អូនទាំងអស់នោះ គាត់យករូបភាពបែបនេះ យកមកបង្ហាញ?»

បន្ថែមពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការហួសចិត្តចំពោះការនិយាយថា ជម្លោះនៅតាមព្រំដែនដែលកើតឡើងនាពេលនេះ គឺដោយសាររាជរដ្ឋាភិបាល ឱ្យទ័ពថៃមកបាញ់ទ័ពខ្មែរ ដើម្បីបង្វែរឿងឧក្រិដ្ឋកម្មអនឡាញ។ ការនិយាយបែបនេះ គឺជាប្រមាថទៅទាហានកម្ពុជាដែលបានពលីជីវិត៕