(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា លោកនឹងអមដំណើរជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ចុះទៅជួបពលរដ្ឋទាំង៤១គ្រួសារបន្ថែម នៅភូមិពោធិ៍ក្រោម ស្រុកស្អាង ដែលរងផលប៉ះពាល់ដោយសារបង្វែរទីតាំងបន្តិចនៃគម្រោង «ព្រែកជីកហ្វូណនតេជោ» ដើម្បីពន្យល់លម្អិតជុំវិញការជីកព្រែកនេះឲ្យយល់ទាំងអស់គ្នា និងចូលរួមទាំងអស់គ្នា។
លោកអភិបាលខេត្ត ក៏បានប្រាប់ឲ្យក្រុមការងារបច្ចេកទេស និងអាជ្ញាធរស្រុកស្អាង ត្រូវរួមគ្នាចុះទៅដល់ផ្ទះពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ ជាដំណាក់កាលដំបូងនេះសិន ដើម្បីពន្យល់ពួកគាត់ឲ្យ យល់ជ្រាបពីអត្ថប្រយោជន៍ចំពោះព្រែកជីកនេះ សំដៅឲ្យពួកគាត់ស្រលាញ់ រួមគ្នាកសាងព្រែកជីកនេះឡើងដើម្បីអត្ថប្រយោជន៍ជាតិទាំងមូល និងជាផលប្រយោជន៍តជំនាន់ទៅមុខជារៀងរហូត។
អភិបាលខេត្តបានថ្លែងបែបនេះ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិនិត្យការអនុវត្តការសាងសង់គម្រោងព្រែកជីក «ហ្វូណនតេជោ» ក្នុងភូមិសាស្ត្រខេត្តកណ្ដាលក្រោមអធិបតីភាពលោក ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមការងារអន្តរក្រសួង, កងកម្លាំងទាំង៣, មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផងដែរ។
អភិបាលខេត្តសង្កត់ធ្ងន់ថា «ដោយសារទីតាំងដែលត្រូវជីកបានរកឃើញថា ប៉ះពាល់ដល់សាលារៀន និងវត្តអារាម ដូច្នេះក្រុមការងារបច្ចេកទេស ក៏បានកែសម្រួលបង្វែរទីតាំងបន្តិច ដែលជាហេតុនាំឲ្យទិសដៅជីកព្រែកយើងនេះ បុកទៅខាងទន្លេបាសាក់ មានការប្រែបន្តិច ដូច្នេះផលប៉ះពាល់ប្រាកដជាទៅប៉ះខ្នងផ្ទះអ្នកភូមិប្រមាណជា៤១ខ្នងផ្ទះផ្សេងទៀត។ បែបនេះសូមក្រុមការងារបច្ចេកទេស និងអាជ្ញាធរស្រុកស្អាង ចុះទៅជួបពួកគាត់ផ្ទាល់ ពន្យល់លម្អិត សំដៅរួមគ្នាកសាងព្រែជីកហ្វូណនតេជោ ប្រកបដោយភាពជោគជ័យឆាប់រហ័សបំផុត»។
អភិបាលខេត្តកណ្តាល បានបន្តទៀតថា «យើងទាំងអស់គ្នាពិតជាមានភ័ព្វសំណាងដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះ ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាក្នុងការដោះស្រាយ ហើយចាត់ទុកថា កិច្ចការទាំងនេះ គឺជាកិច្ចការដែលសំខាន់ និងមានអាទិភាពជាងគេមួយដែលត្រូវតែខិតខំរួមគ្នាដោះស្រាយឱ្យគម្រោងព្រែកជីកនេះទទួលបានជោគជ័យ ដើម្បីទុកជាស្នាដៃជាប្រវត្តិ សាស្ត្រនៅថ្ងៃអនាគត»។
«ការកសាងគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាការកសាងសមិទ្ធផលដែលជាប្រវត្តិសាស្ត្រ ដោយមិនត្រូវឱ្យមានការរំខានពីបុគ្គលអគតិណាមួយឡើយ ហើយយើងក៏មិនត្រូវប៉ះពាល់ផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋ ណាមួយដែរ។ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីគម្រោងនេះ នឹងទទួលបានការដោះស្រាយផលប៉ះពាល់ពីរាជរដ្ឋាភិបាលដោយសមស្រប ធ្វើយ៉ាងណាឱ្យដំណើរការកសាងគម្រោងរបស់យើងដំណើរការដោយរលូន និងទទួលបានជោគជ័យ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គួច ចំរើន។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ចំពោះការសាងសង់ផ្លូវទឹកនេះមាន ទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅ នាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន៕