(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី១» ជូនសមាជិក សមាជិកា និងយុវជនគណបក្សក្រសួង។

ពិធីនេះ មានការអញ្ជើញចូលរួមក្នុងបើកវគ្គនេះរួមមាន សមាជិកអចិន្ត្រៃយ៍,​ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសិក្ខាកាមសរុបចំនួន ២៨៩រូប។

វគ្គបណ្ដុះបណ្ដាលនេះ គឺជាលើកដំបូងនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំឡើងដើម្បីផ្សព្វផ្សាយ ចែករំលែក និងបង្កើនចំណេះដឹងបន្ថែមអំពីប្រវត្តិ សា្នដៃ លក្ខន្តិកៈគណបក្ស កម្មវិធីនយោបាយគណបក្ស និងពង្រឹងការបណ្ដុះគោលជំហរ និងអត្តចរិតរបស់គណបក្សជូនដល់សមាជិក សមាជិកា និងយុវជនគណបក្សក្រសួងទាំងអស់។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ លោក ឆាយ ឫទ្ធិសែន បានមានមតិសំណេះសំណាលដោយបានចែករំលែកនូវពុទ្ធិ និងបទពិសោធន៍ដ៏មានសារៈសំខាន់ជូនដល់អង្គពិធី ព្រមទាំងបានពាំនាំនូវការសាកសួរសុខទុក្ខ សេចក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផ្សេងទៀតជូនដល់អង្គពិធី។

ថ្លែងក្នុងពិធីបើកវគ្គ លោកប្រធាន បានមានប្រសាសន៍ថា ការងារអប់រំនយោបាយគណបក្ស គឺជាការងារមួយដែលមានសារៈសំខាន់ និងចាំបាច់បំផុតដែលគណបក្សតែងតែយកចិត្តទុកដាក់តាំងពីដើមរៀងមក ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនយោបាយ អត្តចរិត សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់មន្រ្តីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ដើម្បីឆ្លើយតបទៅនឹងសំណូមពរ តម្រូវការ ស្ថានការណ៍ សភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗ។

ជាមួយគ្នានោះ លោកប្រធាន ផ្តល់អនុសាសន៍សំខាន់ៗចំនួន ៥ចំណុច ដូចខាងក្រោម៖

*ទី១៖ សូមក្រុមការងារលេខាធិការដ្ឋានគណបក្ស និងក្រុមការងារពាក់ព័ន្ធ ដែលមានតួនាទីជាគណៈគ្រប់គ្រងវគ្គអប់រំនយោបាយ ត្រូវខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលកើតមានពាក់ព័ន្ធនឹងវគ្គអប់រំនយោបាយគណបក្សឲ្យបានល្អ និងទាន់ពេលវេលា ជាពិសេសការរៀបចំជាឯកសារវាស់ស្ទង់ចំណេះដឹង

*ទី២៖ សូមគ្រូឧទ្ទេសគ្រប់រូប យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីរបស់ខ្លួន ដែលធ្លាប់បានសិក្សាចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយ

*ទី៣៖ សូមសិក្ខាកាមគ្រប់រូប ខិតខំប្រមូលផ្តុំអារម្មណ៍ក្នុងការសិក្សារៀនសូត្រ គោរពនូវវិន័យរបស់វគ្គអប់រំដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រទៅបម្រើប្រជាជនគណបក្ស និងប្រទេសជាតិឱ្យកាន់តែបានល្អ និងមានប្រសិទ្ធភាព

*ទី៤៖ សូមពង្រឹងបណ្ដុះបណ្ដាលបន្តទាំងលើការងារនយោបាយ ការងារសតិអារម្មណ៍ និងការងារចាត់តាំងនៅមូលដ្ឋាននៅក្រសួង និងមូលដ្ឋាននៅស្រុក ឃុំ ភូមិ

*ទី៥៖ សូមបន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដោយគោរពតាមបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្ស និងគោរពគោលការណ៍គណបក្ស មតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ៕⁩