(ភ្នំពេញ)៖ បើទោះបីកំពុងមមាញឹកខ្លាំងក្នុងការបំពេញទស្សនកិច្ចនៅក្រៅប្រទេស ហើយស្របពេលដែលមានហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំបី ខេត្តព្រះវិហារ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺតាមដានសភាពការណ៍ជាប់ជាប្រចាំ រហូតដល់ពេលឡើងយន្ដហោះត្រឡប់មកប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី៣១ ខែឧសភានេះ លោក តាន់ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានអះអាងថា ជុំវិញការចល័តកងទ័ពចេញទៅតំបន់ផ្ទុះអាវុធនៅព្រំដែន គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកបញ្ជាដោយផ្ទាល់ដៃ ចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ទីដែលកំពុងបំពេញទស្សនកិច្ច។
ការតាមដានជាប់ជាប្រចាំអំពីការវិត្តន៍សភាពការណ៍នៅតំបន់ព្រំដែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការទំនាក់ទំនងតាមឋានានុក្រម គឺចាប់ពីឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ, អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកផ្ទាល់តែម្ដង ដើម្បីក្ដាប់ឲ្យជាប់ពីសភាពការណ៍ដែលវិវត្តន៍ថ្មីៗ ក្រោយហេតុការណ៍ប៉ះទង្កិចដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ។
លោក តាន់ហ្សង់ ហ្វ្រង់ស័រ បានថ្លែងយ៉ាងដូច្នេះថា «ចាប់តាំងពីថ្ងៃផ្ទុះអាវុធ រហូតដល់មុនឡើងយន្ដហោះធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជាវិញ ក្នុងរសៀលថ្ងៃទី៣១ ខែឧសភានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមដានរហូតការអភិវឌ្ឍសភាពការណ៍ទូទៅនៅជាយដែន [...] សម្ដេចផ្ទាល់តែម្ដងដែលជាអ្នកបញ្ជា (កងទ័ព) ពីតូក្យូ ប្រទេសជប៉ុន ឲ្យចល័តទ័ពទៅជាយដែន។ នេះជាការអនុវត្តផែនការបម្រុងរបស់កងទ័ព ក្នុងការត្រៀមការពារបូរណភាពទឹកដីកម្ពុជាយើង។ ហើយសភាពការណ៍ទូទៅក្នុងពេលនេះ វិលរកភាពស្ងប់ស្ងាត់វិញហើយ»។
បើតាមលោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី, រហូតមកដល់ពេលនេះ ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅតំបន់មុំបី ទីដែលជាការប៉ះទង្កិចដោយអាវុធនោះ បានវិលត្រឡប់មករកសភាពធម្មតាវិញហើយ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែជឿជាក់ និងផ្ដល់ទំនុកចិត្តដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ប្រទេសកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយនៅតំបន់ព្រំដែន ដោយតម្កល់នូវឧត្តមប្រយោជន៍ជាតិជាធំ និងជាទិភាពបំផុត។
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដែរថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី។ សម្ដេចបញ្ជាក់ដែរថា គណៈកម្មាធិការព្រំដែន នឹងដោះស្រាយដោយជួបគ្នានៅចុងខែមិថុនា ខាងមុខនេះ ដើម្បីធ្វើការចរចារបន្ថែមទៀត។
សូមរំលឹកថា ហេតុការណ៍ប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់ព្រំដែនមុំបី ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បណ្ដាលឲ្យទាហានកម្ពុជាម្នាក់ពលី។ ភ្លាមៗក្រោយការប៉ះទង្កិច កិច្ចចរចារវាងភាគីកម្ពុជា-ថៃ បានធ្វើឡើងជាបន្ដបន្ទាប់ និងតាមឋានានុក្រម ខណៈការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងហេតុការណ៍អាក្រក់ណាមួយ ក៏ត្រូវធ្វើឡើងព្រមគ្នាដែរ តាមរយៈការចល័តទ័ពទៅតំបន់ដែលប៉ះទង្កិច៕