(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយ លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងសហការី នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
ជំនួបនេះ ដើម្បីពិភាក្សាការងារលើ ការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរឥណ្ឌូនេស៊ី-កម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា ដោយឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបពី សក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំងការទទួលបដិសណ្ឋាកិច្ច។
ជាពិសេសសម្រាប់អ្នកទេសចរម៉ូស្លីម គឺ Muslim Friendly Tourism ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាជាគោលដៅទេសចរណ៍ម៉ូស្លីមពេញនិយមមួយផងដែរ។
តាមរយៈយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងការដាក់ចេញនូវ Muslim Friendly Tourism ក្រសួងទេសចរណ៍ ត្រូវបានរដ្ឋាភិបាលប្រគល់តួនាទីដ៏សំខាន់ក្នុងការជួយសម្របសម្រួលការងារជាមួយការីទេសចរណ៍គ្រប់ប្រភេទលើការបញ្ចុះតម្លៃលើរាល់សេវាកម្ម និងផលិតផលទេសចរណ៍ ពិសេសការទទួលបដិសណ្ឋារកិច្ចដែលរួមមាន សម្រាប់អ្នកទេសចរម៉ូស្លីម ព្រមទាំងជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រួលការធ្វើទេសចរណ៍ប្រកបដោយផាសុកភាព សន្តិសុខ និងសុវត្ថិភាពដែលជាការទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើននារដូវកាលបៃតងដ៏ស្រស់ស្អាតដែលរុក្ខជាតិកំពុងតែរីកស្រស់បំព្រងពណ៌បៃតង អមនឹងធម្មជាតិស្រស់ត្រកាល ដោយការប្រោះព្រំពីតំណក់ទឹកភ្លៀង ប្រៀបដូចជាពរជ័យពីឋានសួគ៌ ក្រោមបរិយាកាសដ៏ស្ងប់ស្ងាត់សែនមនោរម្យខ្យល់ត្រជាក់ស្រួល ជួយឱ្យអារម្មណ៍ស្រស់ថ្លា បំបាត់រាល់ទុក្ខកង្វល់ ផ្តល់នូវថាមពលផ្លូវកាយ និងផ្លូវចិត្តឲ្យពេញលេញ៕