(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ។

ពិធីខាងលើនេះមានការអញ្ជើញពីអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងមានការចូលរួមកុះករ ពីសំណាក់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ និង ភរិយាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, ថ្នាក់ដឹកនាំ និង សមាជិកសមាគមឧកញ៉ាកម្ពុជា, សប្បុរស-ជន ព្រមទាំង តំណាងអាណាព្យាបាលទារក និង កុមារ ដែលធ្លាប់ទទួលបានការពិនិត្យ និង ការព្យាបាលដោយជោគជ័យ នៅមន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួនប្រមាណ ១,០០០នាក់។

មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការជាផ្លូវការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី ហ៊ុនម៉ាណែត បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយក្រៃលែង ដែលបានចូលរួម បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»​ ម្ដងទៀតនៅក្នុងឆ្នាំ២០២៥ ប្រកបដោយគុណតម្លៃ ។ឆ្លៀតក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្ដិយសមូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់អង្គកម្មវិធីទាំងមូលផងដែរ។

លោកជំទាវបណ្ឌិតបានថ្លែងបន្ដថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យបង្គោលមួយក្នុងចំណោមមន្ទីរពេទ្យរបស់ជាតិ នៅក្នុងការព្យាបាល និងសង្គ្រោះកុមារកម្ពុជា រាប់សែននាក់ក្នុងមួយឆ្នាំៗ។ គិតមកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផាបានដំណើរការចំនួន ៣៣ឆ្នាំមកហើយចាប់ផ្តើមដំណើរការឡើងវិញ កាលពីឆ្នាំ ១៩៩២ ក្រោមការដឹកនាំ របស់ លោកវេជ្ជ-បណ្ឌិត បេអាត រិចឈ្នឺរ និង ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានព្យាបាល និងសង្គ្រោះកុមារកម្ពុជារាប់មិនអស់។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោតសរសើរអស់ពីចិត្ដ ជូនចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ជាន់ថ្នាក់ ដែលបានបំពេញការងារយ៉ាងវិសេសវិសាល និងបានជោគជ័យ ដោយទទួលបាននូវទំនុកចិត្ដពីប្រជាជនរហូតមកដល់បច្ចុប្បន្ន។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា «ក្នុងនាមជាម្ដាយមួយរូប នាងខ្ញុំបានដឹងច្បាស់ណាស់ថា សុខភាពរបស់កូនគឺជាទ្រព្យសម្បត្ដិដ៏មហាសាល ហើយមិនអាចកាត់ថ្លៃបានទាំងគ្រប់ក្រុមគ្រួសារ ហើយមានក្ដីបារម្ដណាមួយស្មើនឹងក្ដីពេលដែលកូនៗយើងឈឺ ឬក៏មានជំងឺនោះទេ»។ ពេលកូនឈឺម្ដាយឪពុកគ្រប់រូប ឬអាណាព្យាបាល គឺព្រួយបារម្ដ ព្រមទាំងបានលះបង់គ្រប់បែបយ៉ាងមិនគិតពីសុខភាពខ្លួន មិនថាយប់ឬថ្ងៃឱ្យតែកូនជា មានសុខភាពល្អរឹងមាំឡើងវិញ»។

ដូច្នេះមន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីដ៏សំខាន់នៅក្នុងការសម្រាលនូវក្ដីព្រួយបារម្ដរបស់ឪពុកម្ដាយ និងប្រជាជនកម្ពុជាយើង។ ជាមួយគ្នានេះ ដើម្បីបំពេញនូវបេសកកម្មដ៏ថ្លៃថ្លាឱ្យបានជោគជ័យមន្ទីរពេទ្យគន្ធបុប្ផា មានតម្រូវការថវិកាយ៉ាងហោចណាស់ ៤៣លានក្នុងមួយឆ្នាំ។ ដោយយល់ច្បាស់ពីបន្ទុកដ៏ធ្ងន់ធ្ងរនេះ ទើបនៅឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដួចផ្ដើមបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដែលជាមូលនិធិផ្លូវការតែមួយគត់របស់កម្ពុជា ក្នុងគោលបំណងបំផុសបំផុលនូវចលនាសប្បុរសធម៌ក្នុងសង្គមខ្មែររបស់យើង គឺខ្មែរជួយខ្មែរ និងចូលរួមចំណែកថែរក្សាបាននូវកេរ្ដិ៍ដំណែលរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ដែលបន្សល់ទុកឱ្យកម្ពុជាយើង។

ទន្ទឹមនឹងនោះលោកជំទាវបានប្ដេជ្ញាចិត្ដយ៉ាងមុតមាំថា និងជួយជ្រោមជ្រែងឱ្យអស់ពីលទ្ធភាពក្នុងការគាំទ្រ ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ឱ្យបានយូរអង្វែងតរៀងទៅ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសការបរិច្ចាគថវិកា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កាលពីឆ្នាំ២០២៤ ដោយបានទទួលថវិកាជាង ៣លានដុល្លារអាមេរិក ពីសប្បុរសជនជាង ២៤ម៉ឺននាក់។ ការចូលរួមនេះ បានបង្ហាញឱ្យឃើញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការសង្គ្រោះជីវិតទារក និងកុមារ ដែលជាកុមារស្នងឬស្សីរបស់ប្រទេសជាតិយើង។

លោកជំទាវបណ្ឌិតក៏បានវាយតម្លៃខ្ពស់ចំពោះស្ថាប័នរាជរដ្ឋាភិបាល រាជធានី-ខេត្ដ ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ ចំពោះកិច្ចសហការគ្រប់ក្នុងការផ្សព្វផ្សាយបន្ដក្នុងការចូលរួមបរិច្ចាគថវិកា ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីបន្ដបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ដ្រីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គិតត្រឹមដល់ពេលនេះគឺជាលើកទី៤ហើយ ក្នុងនោះនេះគឺជាលើកទីពីរហើយ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំ និងបើក «យុទ្ធនាការ: ១ ម៉ឺនរៀល, ១ ម៉ឺន នាក់» ដោយផ្ទាល់ដ៏ខ្ពង់ខ្ពស់ បន្ទាប់ពីលោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយសដ៏ថ្លៃថ្លា ក្នុងការដឹកនាំ និងការ-បើកយុទ្ធនាការនេះ ម្ដងរួចមកហើយ លើទឹកដីអង្គរ នៃខេត្តសៀមរាប កាលពីឆ្នាំ ២០២៤ កន្លងទៅ។

សម្រាប់ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានរៀបចំឡើងចំនួន ៣ លើក រួចមកហើយ, ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីសំណាក់បណ្ដាក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, បុគ្គលមានប្រជាប្រិយភាព, សារព័ត៌មានជាតិ និង អន្តរជាតិ, ព្រមជាមួយនឹងការចូលរួមបរិច្ចាគយ៉ាងផុសផុល ពីសំណាក់សប្បុរសជននានា ក៏ដូចជា ប្រជាពលរដ្ឋក្នុងគ្រប់មជ្ឈដ្ឋាន ។នេះបើតាមការរបស់អគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺទារក និងកុមារ ព្រមទាំង សេវាសម្ភព ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព, មូលនិធិគន្ធបុប្ផាកម្ពុជា តែងតែបង្វែរថវិកាជាបន្តបន្ទាប់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ ជាក់ស្ដែង, កាលពីឆ្នាំ ២០២៤ កន្លងទៅ, មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកា ចំនួនប្រមាណជាង ៨លានដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា, កើនឡើង ១២៥ % បើធៀបនឹងឆ្នាំ ២០២៣, ដែលមានចំនួនប្រមាណត្រឹមតែ ៣,៥៨លានដុល្លារអាមេរិក, ខណៈដែលក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៦,៦៤លានដុល្លារអាមេរិកផងដែរ។ ការផ្ទេរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាជាបន្តបន្ទាប់នេះ គឺជាការបន្ថែមលើថវិកា ចំនួន ១០លានដុល្លារអាមេរិក ដែលរាជរដ្ឋាភិបាលតែងតែផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ជារៀងរាល់ឆ្នាំ, ក្នុងនោះ ៤លានដុល្លារអាមេរិក តាមរយៈក្រសួងសុខាភិបាលកម្ពុជា និង ៦លានដុល្លារអាមេរិកទៀត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ស្វីស៕