(ភ្នំពេញ)៖ លោក ស រដ្ឋា ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព បើកវគ្គបំប៉នដោយឥតគិតថ្លៃជូនដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ១៨ សីហា ២០២៥ខាងមុខ នៅព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តអាគារអឺ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកអចិន្រ្តៃយ៍ ស.ស.យ.ក. ខេត្ត លោក លោកស្រី ប្រធានស.ស.យ.ក. ក្រុង ស្រុកទាំង១៤ លោកនាយក លោកស្រីនាយិកា វិទ្យាល័យទាំង២៧ និង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងជាអនុប្រធានប្រចាំការ ស.ស.យ.ក.ខេត្តបាត់ដំបង បានបង្ហាញរបាយការណ៍ថា៖ ស.ស.យ.ក.ខេត្តបាត់ដំបង តែងតែចូលរួមលើកស្ទួយវិស័យអប់រំក្នុងខេត្ត ក៏ដូចជាការសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ក្នុងនោះរួមមានវគ្គជំនាញកុំព្យូទ័រ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ មានសិស្សចូលសិក្សាចំនួន១១៨នាក់ ស្រី៦៨នាក់ នៅស្នាក់ការស.ស.យ.កខេត្ត និងតាមបណ្តាស្រុកមួយចំនួនរួមមានស្រុកបាណន់ ភ្នំព្រឹក និងស្រុកកំរៀង។ លោក យី សុងគី បានបន្តថា៖ ជាការពិតណាស់វគ្គបំប៉នដោយឥតគិតថ្លៃ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ គឺបានការឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំង លោកជំទាវ និងជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានស.ស.យ.ក ទទួលបន្ទុក៣ខេត្ត គឺខេត្តបាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ ។
ក្នុងឱកាសដ៏មានតម្លៃនេះ លោក ស រដ្ឋា ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ ថ្ងៃនេះក្នុងនាម លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមសម្តែងនូវក្តីសប្បាយរីករាយ ឥតឧបមាដោយបានចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបំប៉នដោយឥតគិតថ្លៃ ជូនដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ១៨ សីហា ២០២៥ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែលស.ស.យ.ក.ខេត្តនឹងចាប់ផ្តើម បើកវគ្គបំប៉នដ៏មានសារៈសំខាន់មួយនេះជូនដល់ប្អូនៗដែលជាបេក្ខជនដោយឥតគិតថ្លៃដោយមានរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗចំនួន៥ដដែល រួមមានគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវិវិទ្យា និងអក្សរសាស្រ្តខ្មែរ ទូទាំង២៧វិទ្យាល័យក្នុងខេត្តបាត់ដំបង។
លោក ស រដ្ឋា មានប្រសាសន៍បន្តថា៖ ក្នុងនាមស.ស.យ.ក.ខេត្ត សូមអំពាវនាវ លោក លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់បន្តការចូលរួមជាមួយស.ស.យ.ក.ខេត្ត ក្នុងការសម្រេចកិច្ចការមនុស្សធម៌ អនាម័យបរិស្ថាន ការងារវប្បធម៌ សាសនា ប្រវត្តិសាស្រ្ត ការងារកីឡា ជាពិសេសការងារ អប់រំបណ្តុះបណ្តាល ព្រមទាំងសំណូមពរលោកនាយក លោកគ្រូអ្នកគ្រូបន្តកសាងសមាជិកស.ស.យ.ក នៅតាមសាលា និងបន្តរៀបចំវគ្គបំប៉ននេះបន្តទៀត និងសំណូមពរលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តកិច្ចសហការរៀបចំវគ្គ ព្រមទាំងជំនាញនានាបន្ថែមទៀតជូន យុវជននៅតាមគ្រឹះស្ថានសិក្សា និងនៅស្នាក់ការស.ស.យ.ក.ខេត្ត និងតាមបណ្តាក្រុង ស្រុក ឱ្យបានច្រើនដើម្បីជាប្រយោជន៍ ដល់យុវជនរបស់យើងក្លាយជាមូលធនមនុស្សមួយនាពេលអនាគត់ ហើយក៏សូមសំណូមពរប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ ក្នុងម៉ោងសិក្សារបស់ខ្លួន។
សូមបញ្ជាក់ថា តាមរបាយការណ៍លទ្ធផល ស្តីពីវគ្គបំប៉នសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូចតទៅ ៖ នៅឆ្នាំសិក្សា២០២៣-២០២៤ កន្លងមកនេះ មានមណ្ឌលសរុបចំនួន ២៧ មណ្ឌល,លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនសរុបចំនួន ១៦១នាក់ មានសិស្សចុះឈ្មោះសរុបចំនួន ៤ ៩១១នាក់ ក្នុងនោះស្រី ២ ៦៥៥នាក់ បានប្រឡងជាប់ចំនួន ៣ ៥៨៥នាក់ ស្មើនឹង ៧៣%ធៀបនឹងសិស្សចុះឈ្មោះចូលរៀនវគ្គបំប៉ន។ ចំពោះលទ្ធផលទូទាំងខេត្ត មានបេក្ខជនប្រឡងជាប់ សរុប ៧ ២៦៧នាក់ ត្រូវជា ៧៨.៦២ភាគរយ ស្រី ៤ ៣២២នាក់ ត្រូវជា ៨១.៨៧ភាគរយ (បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើង ១១.៤៩ភាគរយ ស្រីកើន ៩.៨១ភាគរយ )។