(ភ្នំពេញ)៖ លោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូ ក.អ.ក. ចូលរួមពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅបរិវេណទីលានតម្កល់រូបសំណាកលោកយាយពេញ ស្ថិតនៅខាងលិចឆៀងខាងត្បូង រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។
នៅក្នុងឱកាសនៃការប្រារព្ធពិធីបើកយុទ្ធនាការនាព្រឹកនេះ ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកអគ្គលេខាធិការ បាននាំយកថវិកាដែលជាទឹកចិត្តសប្បុរសរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ក្រោមឱវាទ ក.អ.ក. ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពក្នុងការលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនកុមារ ពិសេសកាត់បន្ថយនូវអត្រាការបាត់បង់ជីវិត និងការឆ្លងជម្ងឺធ្ងន់ធ្ងរចំពោះកុមារកម្ពុជានៅទូទាំងប្រទេស៕