(សិង្ហបុរី)៖ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ ( Shangri - La Dialogue 2025 ) នៅប្រទេសសិង្ហបុរី ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឧត្តមនាវីឯក Tony Radakin អគ្គសេនាធិការ ការពារជាតិអង់គ្លេស។
ជាកិច្ចចាប់ផ្តើម ឧត្តមនាវីឯក Tony Radakin បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ការពលីជិវិតជីវិតរបស់យោធាកម្ពុជា ២ រូបដែលកំពុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និង ០១រូបក្នុងព្រឹត្តការណ៍ប៉ះទង្គិចគ្នាក្នុងចំនុចព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗ។ ឧត្តមនាវីឯក Tony Radakin ក៏បានសម្តែងការសាទរកម្ពុជាចំពោះការចាប់ផ្តើមដំណើរការមូលដ្ឋានទ័ពជើងទឹករាម និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាដៃគូដែលអាចប្រើប្រាស់មូលដ្ឋានជើងទឹកថ្មីនោះតាមរយៈទស្សនកិច្ចនាវាល្បាតរបស់អង់គ្លេសដែលមានវត្តមានក្នុងតំបន់ស្រាប់។
ជាការឆ្លើយតប លោក រ៉ាត់ ដារ៉ារ័ត្ន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា និងអង់គ្លេស។ ទាក់ទងនឹងការចូលចតនាវា លោករដ្ឋលេខាធិការ ក្រសួងការពារជាតិ បានលើកឡើងអំពីអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ អំពីការបើកចំហររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជា ស្វាគមន៍នាវា របស់បណ្តាប្រទេសដែលមានកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា ចូលមកធ្វើទស្សនកិច្ច ដោយស្របតាមលក្ខខណ្ឌបច្ចេកទេសតម្រូវ។ភាគីទាំងពីរ បានធ្វើការពិភាក្សា ដោយផ្តោតទៅលើសក្តានុពល ពង្រីកការអប់រំយោធាអាជីព និងការអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសកម្មភាពមានក្នុងអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការយោធា និងយោធាកម្ពុជា-អង់គ្លេស ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៣ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការឱ្យដល់កម្រិតគោលនយោបាយដើម្បីឱ្យមានភាពកាន់តែទូលំទូលាយ។
នៅក្នុងក្របខណ្ឌពហុភាគី កម្ពុជាស្វាគមន៍អង់គ្លេសក្នុងការចូលរួមជាអ្នកសង្កេតការណ៍ក្រុមការងារជំនាញ ក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM-Plus) ដែលសំណើរបស់អង់គ្លេសត្រូវបានសម្រេចជាលើកតំបូងនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។
នៅក្នុងកិច្ចពិភាក្សានោះដែរ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន និង ឧត្តមនាវីឯក Tony Radakin ក៏បានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើភាពជាដៃគូក្នុងតំបន់ សន្តិសុខសាយប័រ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
កិច្ចសន្ទនាបានបង្ហាញពីការប្តេជ្ញាចិត្តរវាងកម្ពុជា និងអង់គ្លេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ និងសន្តិសុខដើម្បីសន្តិសុខ និងផលប្រយោជន៍រួម៕