(ព្រៃវែង)៖ ​គ្រួសារនាយទាហានម្នាក់លោកអនុសេនីយ៍ត្រី គឹម សារិ ដែលកំពុងឈរជើងការពារទឹកដីនៅព្រំដែនតំបន់មុំបី ខេត្ដព្រះវិហារ ត្រូវបានប្រពន្ធបាត់បង់ជីវិត ទាំងមានកូននៅក្នុងផ្ទៃអាយុ ៧ខែ ដែលនេះជាបាត់បង់មនុស្សជាទីស្រលាញ់ និងសំខាន់បំផុតម្ដងទាំងពីរនាក់ ដោយមិនបានលា និងឃើញមុខជាលើកចុងក្រោយ, ដំណឹងដ៏សែនតក់ស្លត់ និងសោកសង្រែងជាទីបំផុតនេះ បានទទួលលេចលឺដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភ្លាមនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចាត់សហការីទាំងយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពដល់គេហដ្ឋាន នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោកស្រី អាំ រត្ត នាង ភរិយារបស់លោកអនុសេនីយ៍ត្រី គឹម សារិ បានទទួលមរណភាពដោយសាររោគាពាធ ក្នុងជន្មាយុ ៣៨ឆ្នាំ ក្រោយឈឺធ្ងន់ធ្ងរមួយរយៈ ស្របពេលមានកូនក្នុងបន្ទុកចំនួន ០៣នាក់ត្រូវថែទាំ ក្នុងនោះ ប្រុស២នាក់ អាយុ១៥ឆ្នាំ, ១១ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំ។ ការទទួលមរណភាពរបស់ភរិយានាយទាហានរូបនេះ ពិតជាដំណឹងមួយដែលគ្រាន់តែលឺក៏ទប់ទឹកភ្នែកមិនបាន។

ភាពសោកសង្រែងនេះ បានធ្វើឱ្យអារម្មណ៍អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកជាខ្លាំង ទើបបានចាត់លោកស្រី ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ចុះទៅផ្ទាល់ដើម្បីចូលរួមរំលែកទុក្ខ និងនាំយកថវិកាចំនួន២០លានរៀល (ម្ភៃលានរៀល) និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនដល់គ្រួសារសព។

នាឱកាសនោះលោកស្រីបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត និងក្តីសោកស្តាយ ស្រណោះ អាឡោះអាល័យជាពន់ពេក ចំពោះមរណភាព លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃទើបតែអាយុ៧ខែ ហើយការលាចាករបស់លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃ គឺជាការបាត់បង់ឧត្តមភរិយា និងកូនជាទីស្រឡាញ់ពេញបេះដូង និងជាការបាត់បង់ម្តាយមួយរូបប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចរិយាធម៌ល្អប្រពៃ មានទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាចំពោះកូនៗ គោរពប្រណិប័តន៍ចំពោះ ឪពុក ម្តាយ ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់។ មួយវិញទៀតការលាចាករបស់លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃ ខណៈពេលដែលស្វាមីរបស់លោកស្រីកំពុងតែប្រចាំការនៅទិសសមរភូមិមុខតំបន់មុំបី ខេត្តព្រះវិហារ ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពាន ដែលមិនបានទាន់ដង្ហើមចុងក្រោយប្រពន្ធ និងកូនជាទីស្រឡាញ់។

កាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទក្ខជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕