(សៀមរាប)៖ ឆ្លើយតបនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយរបស់កម្ពុជា និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងក្របខណ្ឌនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាចលនាជាតិដ៏សំខាន់មួយក្នុង «ស្មារតីខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងស្នាមញញឹមដល់ទារក និងកុមារកម្ពុជា ក្រសួងយុត្តិធម៌ និងក្រុមសេនាយុត្តិធម៌ ដោយមានការចូលរួមពីគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី «ជិះកង់អង្គរ» ដើម្បីជួយរៃអង្គាសថវិកា ជួយដល់គន្ធបុប្ផា។

នេះជាលើកទី៣ហើយ ដែលវិស័យយុត្តិធម៌បានរៀបចំឱ្យមានកម្មវិធីជិះកង់អង្គរនេះ ដើម្បីជួយដល់កុមារ ដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជា តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា ដែលផ្តល់ការព្យាបាលដល់កុមារដោយឥតគិតថ្លៃ។

ជាលទ្ធផល កម្មវិធី «ជិះកង់អង្គរ» លើកទី៣នេះ បានកៀរគរថវិកាបានចំនួន ១,៧០០,០០០,០០០រៀល ដោយក្នុងនោះឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាននាំយកថវិកា ចំនួន១,២០០,០០០,០០០រៀល ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ដែលជាទិវាកុមារអន្តរជាតិ និងថវិកាចំនួន ៥០០,០០០,០០០រៀល ត្រូវបានចែករំលែកដើម្បីឧបត្ថម្ភជូនកងទ័ពដែលឈរជើងនៅសមរភូមិមុខដើម្បីជាការចូលរួមក្នុងខឿនការពារជាតិរបស់កម្ពុជាពីសំណាក់ប្រជាជន។ នៅថ្ងៃដដែលក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ មន្រ្តីក្នុងវិស័យយុត្តិធម៌ និងមិត្តនៃវិស័យយុត្តិធម៌ ក៏បានចូលរួមដាំដើមឈើចំនួន ១,០០០ដើម នៅក្នុងតំតំបន់អង្គរ។

ទន្ទឹមនេះឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានឆ្លៀតពេលនាំយកអំណោយឧបត្ថម្ភផ្តល់ជូនសិស្សដែលមានការខ្វះខាតនៅសាលាបឋមសិក្សាវត្តរាជបូណ៌ នូវឯកសណ្ឋានសិក្សាចំនួន៥០០ ឈុត ដែលរួមមាន៖ ខោ សំពត់ អាវ ស្រោមជើង និងស្បែកជើង ព្រមទាំងថវិកាមួយចំនួនជូនសាលា និងលោកគ្រូ អ្នកគ្រូ។

សូមបញ្ជាក់ថា កម្មវិធី «ជិះកង់អង្គរ» ដើម្បីបុព្វហេតុកុមារកម្ពុជា បានចាប់ផ្តើមក្រោមគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ នៅឆ្នាំ២០២៣ (លើកទី១) ហើយដែលរៃអង្គាសថវិកាបានចំនួន ៥៥៥,០០០,០០០រៀល និងនៅឆ្នាំ២០២៤ (លើកទី២) បានចំនួន ១,៥០០,០០០,០០០រៀល៕