(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជា បានបាត់បង់ទឹកដីច្រើនណាស់មកហើយក្នុងប្រវត្តិសាស្ត្រ ហើយកម្ពុជាសុំសិទ្ធិត្រឹមការពារទឹកដីដែលនៅសល់ប៉ុណ្ណោះដោយមិនចង់បានដីរបស់នរណានោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «កម្ពុជាគ្មានត្រូវការទឹកដីអ្នកណាទេ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាក៏មិនទាមទារយកទឹកដីត្រឡប់មកវិញដែរ តែកម្ពុជាសុំរក្សាសិទ្ធិការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ មិនអាចឱ្យអ្នកណាផ្សេងមកដណ្តើមយកនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជាបានធ្វើការចរចារជាមួយវៀតណាម ដើម្បីបានបោះបង្គោលព្រំដែនរួចជាស្រេចចំនួន ៨៤% ទៅហើយ នៅសល់ ១៦%ទៀត កំពុងតែធ្វើការចរចារ ហើយភាគីទាំង២ គោរពគ្នាទៅវិញទៅមក, កម្ពុជាជាមួយឡាវ បានចរចារបោះបង្គោលព្រំដែនចំនួន ៨៦% ហើយ នៅសល់ ១៤% ទៀតកំពុងមានការចរចារ ដោយមានការគោរពគ្នាទៅវិញទៅមកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដោយឡែកព្រំដែនកម្ពុជា-ថៃ រយៈពេល ២៥ឆ្នាំហើយ គឺអត់ទាន់បានធ្វើអ្វីក្រៅពីដើររកបង្គោលតែប៉ុណ្ណោះ ហើយចំណុចរសើបទាំងប៉ុន្មាន បើមិនដោះស្រាយនោះទេ រឿងនេះវានឹងនៅតែបន្តទៀត។
សម្តេចប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានបញ្ជាក់ថា មិនមែនយកបញ្ហាការប្តឹងផ្តល់មួយនេះ ហើយបញ្ឈប់នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ លើគ្រប់វិស័យដែលមានរួចមកហើយនោះទេ រឿងក្តី គឺរឿងក្តី តែរឿងកិច្ចសហប្រតិបត្តិការ នៅតែសហប្រតិបត្តិការ មិត្តភាពរវាងកម្ពុជា-ថៃ នៅតែមានដដែល៕