(ភ្នំពេញ)៖ ខណៈកម្ពុជានិងថៃ កំពុងមានជម្លោះព្រំដែននៅតំបន់​មុំ៣ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ​នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងថា​ ទីតាំងដែលមានការប៉ះទង្គិចនៅតំបន់មុំ៣ ដែលបណ្តាលឱ្យយុទ្ធជនកម្ពុជាម្នាក់ស្លាប់ គឺជាកន្លែងដែលកម្ពុជា បានកាន់កាប់តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ​ រឿងអីដែល​ថៃ​បែរជាមកទាមទារឱ្យកម្ពុជាអស់កងទ័ពចេញ​។

ការអះអាងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន​ បានធ្វើឡើងនៅក្នុង​អង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ។

​សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូ​ច្នេះថា «រឿងដែលខ្ញុំឈឺចាប់បំផុតគឺរឿងយុទ្ធជនម្នាក់ ហើយកន្លែងនេះ ខ្ញុំនិងជាមួយ ទៀ បាញ់ គឺដឹងច្បាស់លើរឿងនេះ យើងកាន់កាប់កន្លែងនេះ តាំងពី១៩​៨៨ ពេលនោះតំបន់នោះ ខ្មែរក្រហមឈរជើង ដាក់អាវុធច្រើនណាស់នៅតំបន់នោះ រាប់ទាំងនៅក្នុងដីថៃមួយចំនួនផង។ យើងបើកប្រតិបត្តិការដែលមានសហការជាមួយឡាវ សហការជាមួយកងទ័ពកម្ពុជា និងកងទ័ពវៀតណាម វ៉ៃយកកាំភ្លើងបានច្រើនណាស់ និងគ្រាប់។ ទៀ បាញ់ បានទៅដល់តាំងពី​ ១៩៨៨ រឿងអីបានជាមកដល់ពេលនេះ មកទាមទារឱ្យយើងអស់កងទ័ពចេញ»

សម្តេចតេជោមានប្រសាសន៍ថា ក្នុងការចរចា កាលពីពេលកន្លងមក ដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ​គឺបានឯកភាពច្បាស់គ្នាអស់ហើយ ប៉ុន្តែស្រាប់តែមេបញ្ជាការយុទ្ធភូមិភាគទី២ របស់ថៃ ធ្វើលិខិត​ជូនទៅមេបញ្ជាការកងទពជើងគោករបស់ខ្លួន ហើយបានស្នើមកមេបញ្ជាការជើងគោកកម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សុំឱ្យដកកងទ័ពចម្ងាយ២០០ម៉ែត្រចេញពីតំបន់នោះ ប៉ុន្តែយ៉ាងនេះក្តី កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីខ្លួនបាននោះទេ។

សម្តេចតេជោ បានបញ្ជាក់ថា ករណីជម្លោះព្រំដែននេះ សម្តេច និងអតីតនាយករដ្ឋមន្រ្តីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា ធ្លាប់បានលើកឡើងមកម្តងរួចមក កាលពីឆ្នាំ២០១១ ដែលកាលនោះ អតីតនាយករដ្ឋមន្រ្តីថៃ លោក អាប់ភីស៊ីត បាននិយាយជាមួយសម្តេចនៅមុខនាយករដ្ឋមន្រ្តីឥណ្ឌូនេស៊ី អំឡុងពេលដែលឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០​១១ ថាសុំឱ្យភាគីទាំង២ ដកកងទ័ពចេញពីប្រាសាទព្រះវិហារ។កាលនោះ សម្តេចបានបញ្ជាក់ថា សម្តេចមិនអាចដកកងទ័ពចេញទឹកដីរបស់ខ្លូនបាននោះទេ ផ្ទុយទៅវិញថៃនោះទេ ដែលត្រូវដកកងទ័ពចេញពីប្រាសាទព្រះវិហារ។

លោកមានប្រសាសន៍ថា «វាមិនដែលនៅលើពិភពលោក គេអាចទាមទារឱ្យដកកងទ័ពចេញពីទឹកដីរបស់ខ្លួនទេ ហើយអារឿងមុំបីនេះ កន្លែងសាលារៀនចិន ជាសាលាយើងដែលខ្ញុំទៅ ហើយយប់មិញខ្ញុំបង្ហោះទាំងរូបថតដែលខ្ញុំទៅមើលតាមលេណដ្ឋាន ហើយមើលទាំង១២.៧ ស្អីៗកន្លែងហ្នឹងទៀត ហើយមិនមែនព្រំដែននៅត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំទៅហួសទៅលើណោះទៀត»

ជាមួយគ្នានេះ សម្តេចបានចោទជាសំណួរថា ហេតុអ្វីបានជាមកដល់ម៉ោងនេះ ​បែរជាត្រូវទាមទារឱ្យកម្ពុជាដកកងទ័ពចេញ?៕