(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្ដទទួលស្នើសុំ អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាកុំឱ្យបញ្ហាប៉ះទង្គិចនៅមុំ៣ ទៅជាការរើសអើងជាតិសាសន៍ និងរាល់ដាល់ដល់កិច្ចសហប្រតិបត្តិការផ្សេងៗនៃប្រទេសទាំងពីរ។

ការស្នើសុំបន្ដអំពាវនាវជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសមាជជាលើកដំបូងជជែកអំពីប្រព័ន្ធ​គាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា រៀបចំឡើងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំសូមបញ្ជាក់ថា មិនមានយកបញ្ហាការប្ដឹងផ្ដល់មួយនេះ ហើយបញ្ឈប់នូវសហប្រតិបត្តិការណ៍របស់កម្ពុជា-ថៃ លើគ្រប់វិស័យដែលមានរួចហើយនោះទេ រឿងក្ដីក្ដាំនៅតែជារឿងក្ដី ប៉ុន្ដែរឿងសហប្រតិបត្តិការណ៍នៅតែជាសហប្រតិបត្តិការ មិត្តភាពរបស់យើងត្រូវតែបន្ដមាន»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ដូច្នេះខ្ញុំសូមអំពា​វនាវដល់បងប្អូនជនរួមជាតិទាំងអស់ កុំឈានដល់ការរើសអើងជាតិសាស្រ្ដ កុំឲ្យមានចម្លោះរាលដាលដល់តំបន់ផ្សេង ឬផ្ទេរពីផ្នែកយោធា ទៅកាន់ផ្នែសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, សេដ្ឋកិច្ច, ទេសចរណ៍, វប្បធម៌ ឬវិស័យអប់រំដទៃផ្សេងទៀត ដូច្នេះសូមយកចិត្តទុកដាក់លើបញ្ហានេះ»

បន្ថែមលើនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ដល់រាជរដ្ឋាភិបាលកម្ពុជា លើករណីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ៕