(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ទៅលើបុគ្គលអ្នកសារព័ត៌មានឈ្មោះ ហង្ស សំណាង និងបក្ខពួកពីរនាក់ទៀត ចំនួនបីបទល្មើស ក្រោយបញ្ចប់ការសួរនាំ។

លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំងបីរនាក់ ឈ្មោះ ហង្ស សំណាង, ឈ្មោះ កុញ វាសនា ហៅ ស្នា និងឈ្មោះ រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖

*ទី១៖ ញុះញង់ឲ្យមានការរើសអើង
*ទី៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព
*ទី៣៖ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា។ តាមមាត្រា៤៩៤ មាត្រា៤៩៦​ មាត្រា ៤៧២​ និងមាត្រា ៦១៦​ នៃក្រមព្រហ្មទណ្ឌ​។

សូមរំលឹកថា បុគ្គល ហង្ស សំណាង និងបក្ខពួក២នាក់ទៀតបានបង្កើតមាតិការបែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនេះជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មានទេ ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕