(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងថា នៅក្នុងខ្លឹមសារសំខាន់ នៃកម្មវិធីសន្និសីទខេត្ត-ក្រុងមេត្រីភាពអន្តរជាតិខួបលើកទី៤០ ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូរដ្ឋបាលខេត្តស្វាយរៀង ទៅកាន់ខេត្តសានទុង ប្រទេសចិននេះ បានផ្តល់នូវធាតុចូលសំខាន់ៗដល់ការពង្រឹង និងពង្រីកសហប្រតិបត្តិការលើគ្រប់វិស័យ ហើយក៏ជាឱកាសដ៏ល្អសម្រាប់ថ្នាក់នាំ នៃបណ្ដាខេត្ត-ក្រុង អាចមកនៅជិតគ្នា បានស្គាល់គ្នា ជួបប្រាស្រ័យទាក់ទងគ្នា និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញ ទៅមកក្នុងក្របខ័ណ្ឌ នៃការដឹកនាំ និងការអភិវឌ្ឍមូលដ្ឋានរៀងៗខ្លួន ដើម្បីបង្កើតនូវចំណងមិត្តភាព មេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អ នាពេលខាងមុខ។
ការថ្លែងបែបនេះរបស់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅគ្រាដែលលោកបានដឹកនាំប្រតិភូរដ្ឋបាលខេត្តស្វាយរៀងបំពេញទស្សនកិច្ច នៅខេត្តសានទុង ប្រទេសចិន និងបានចូលរួមកម្មវិធីមួយចំនួននៅខេត្តសានទុង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តឲ្យដឹងថា ក្នុងដំណើបំពេញទស្សនកិច្ចនេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចូលរួមកម្មវិធីសន្និសីទទីក្រុងមិត្តភាពអន្តរជាតិស្តីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងសន្និសីទយុវជនសកល នៅក្រុងជីណាន ក្រោមអធិបតីភាពលោក លីន វូ លេខាបក្សខេត្តសានដុង ដោយមានការចូលរួមពីបណ្តាថ្នាក់នាំមកពីប្រទេសជាមិត្តចំនួន៤៧ ជាង១០០ប្រតិភូ សមាជិកប្រមាណ១០០០នាក់។
បន្ទាប់មកនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ពេលព្រឹក បានចូលរួមកម្មវិធី ចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (LOI) រវាងរដ្ឋបាលខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជាមូលដ្ឋានគាំទ្រដំណើរការឈានទៅចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងខេត្តទាំងពីរនាពេលខាងមុខ។
លោកអភិបាលខេត្ត បានដឹកនាំប្រតិភូបន្តដំណើរមកដល់ក្រុងហ្សីបូ (Zibo) ដែលជាក្រុងសម្ព័ន្ធមិត្តជាមួយក្រុងស្វាយរៀង ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុងហ្សីបូ និងបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន និងទូរទស្សន៍ប្រចាំក្រុងហ្សីបូ និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងដំណើរទស្សនកិច្ចនិងវឌ្ឍនភាពជាការងារក្នុងភាពដៃគូរវាងក្រុងហ្សី បូ និងក្រុងស្វាយរៀង។
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោក និងប្រតិភូបានចូលទស្សនកិច្ចនៅទីតាំងវត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់ និងទីតាំងផលិត កែវ ចាន និងវត្ថុធាតុដើមសម្រាប់ផលិតសម្ភារៈផ្ទះបាយផ្សេងៗ និងពេលរសៀលបន្ត ដំណើរចូលរួមជាគណៈអធិបតីក្នុង សន្និសីទខេត្ត-ក្រុងមេត្រីភាពអន្តរជាតិខួបលើកទី៤០ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមានការចូលរួមពីលោក Ma Xiaolei លេខាបក្សក្រុងហ្សីបូ លោក Zhao Qingwen អភិបាលក្រុងហ្សីបូ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត ក្រុង នៃបណ្តាប្រទេសនានាសរុបប្រមាណ៤០០នាក់។
បន្ថែមលើសពីនេះ នៅថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២៥ លោកបានដឹកនាំប្រតិភូអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់នៅរោង Qigao ផលិតសម្ភារវេចខ្ចប់ផ្សេងៗដូចជា ផលិតសំបកបាវ សំបកថង់ផ្លាស្ទិចជាដើម និងពេលរសៀលលោកបានដឹកនាំប្រតិភូទស្សនកិច្ចរោងចក្រ Qidu phama Co.Ltd ផលិតឱសថ និងបរិក្ខាវេជ្ជសាស្ត្រដែលមានខ្សែរច្រវាក់ផលិកម្មយ៉ាងទំនើបបំផុតនៅក្នុងខណ្ឌលីង ហ្សី ក្រុង ហ្សី បូ ខេត្តសានដុង។
បន្ទាប់មកនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោកអភិបាលខេត្តបានដឹកនាំប្រតិភូអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបច្ចេកវិទ្យា ផលិតសំបកកង់យានយន្ត និងមន្ទីរពិសោធន៍សំបកកង់របស់ក្រុមហ៊ុន SAILUN ស្ថិតនៅក្រុងជីងតាវ ខេត្តសានទុង។ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ លោកនិងប្រតិភូបានចូលទស្សនកិច្ចនៅរោងចក្រ King king Group ផលិតគ្រឿងក្រអូប គ្រប់ប្រភេទ នៅក្រុងឈីងតាវ ខេត្តសានទុង ប្រទេសចិន និងបន្តដំណេីរបំពេញទស្សនកិច្ចនៅរោងចក្រផលិតដែលមានវ័យចំណាស់ប្រចាំក្រុងឈីងតាវ គឺស្រាបៀឈីងតាវ។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តបានញ្ជាក់ថា ក្នុងដំណើរបំពេញទស្សកិច្ចផ្លូវការនៅខេត្តសានទុងប្រទេសចិន រយះពេលមួយសប្តាហ៍កន្លងមកនេះ លោកអភិបាលខេត្ត និងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំរបស់ខេត្តសានទុង ប្រទេសចិន ព្រមទាំងផ្តល់ឱកាសជាច្រើន ក្នុងការជួបពិភាក្សាការងារជាមួយដៃគូវិនិយោគនានានៅក្នុងក្រុងហ្សីបូ ដើម្បីផ្តល់ជំនឿទុកចិត្ត និងផ្តល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់អ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅប្រទេសកម្ពុជា ក៏ដូចជាខេត្តស្វាយរៀងឲ្យកាន់តែច្រេីនបន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ក្រុងស្វាយរៀង (ប្រទេសកម្ពុជា) បានចាប់ផ្ដើមក្នុងការឈានទៅចងនូវសម្ព័ន្ធមិត្តភាព មេត្រីភាព ជាមួយនិងក្រុងហ្សីបូ (ប្រទេសចិន) ហើយកាលពីពេលថ្មីៗនេះយើងក៏បានទទួលនូវគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើលិខិតផ្ដួចផ្ដើមជាមួយនិងខេត្តសានទុង ជាជំហានឈានទៅចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីចងសម័្ពន្ធមេត្រីភាពនាពេលខាងមុខផងដែរ៕