(ឧត្តរមានជ័យ)៖ ក្រុមក្មេងទំនើងចំនួន២ក្រុម មានគ្នា៥នាក់ រួមនឹងវត្ថុតាងដាវ និងកាំបិតផ្គាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះស្រាយគំនុំចាស់កាលពីឆ្នាំ២០២៤ បើកឆាកប្រយុទ្ធគ្នាដោយដាវ និងកាំបិត តាមដងផ្លូវ។
លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ថា ដោយអនុវត្តន៍តាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ក្រុមក្មេងទំនើងទាំងនេះត្រូវបានកម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅមុខចំណុចគោដុត ខាងលិចរង្វង់មូលស្រុកត្រពាំងប្រាសាទ ចំងាយ៧០០ម៉ែត្រ ដែលក្រុមក្មេងទំនេីងទាំង២ក្រុមនេះ កំពុងបានបើកឆាកប្រយុទ្ធដេញកាប់គ្នា។
លោក ជ័យ វាសនា បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា៖ក្រុមក្មេងទំនេីងទាំង២ក្រុម ចំនួន៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន៖
១.ឈ្មោះអូន ដាវីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
២.ឈ្មោះជន រតនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៣.ឈ្មោះឡេង លីវ៉ាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ជាអ្នកកាន់ដាវ)
៤.ឈ្មោះជឿន ប៊ុណ្ណារិទ្ធ ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្រឧត្តរមានជ័យ
៥.ឈ្មោះហុក លឹមហៀង ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុតត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ជាអ្នកកាន់កាំបិតផ្គាក់)។
ដោយឡែកវត្ថុតាងដែលដកហូតរួមមាន៖
១.ដាវចំនួន១ ដកហូតក្រុមក្មេងទំនើងរស់នៅអន្លង់វែង
២.កាំបិតផ្គាក់ចំនួន១ ដកហូតពីក្រុមក្មេងទំនើង រស់នៅត្រពាំងប្រាសាទ ហើយបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕