(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមយន្តការការទូត និងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមប្រកាសគាំទ្រទាំងស្រុងចំពោះប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថា «បើទោះបីកម្ពុជាប្តេជ្ញា ដោះស្រាយបញ្ហាព្រំដែនតាមបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅតែបន្តរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាសកងកម្លាំងប្រដាប់អាវុធ បើមានការឈ្លានពានទឹកដីកម្ពុជា ដោយប្រើប្រាសកម្លាំងកងទ័ព»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពទឹកដីរបស់យើង៕