(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈសង្ឃនាយក សម្តេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នៃគណៈមហានិកាយ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែន​រវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។

គណៈសង្ឃនាយក សូមប្រកាសគាំទ្រក្នុងការលើកយកបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់ និងបញ្ចប់បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវយន្តការទ្វេភាគីដែលមានស្រាប់ដើម្បីរក្សា និងកសាងព្រំដែន មិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងការរក្សាសិទ្ធិក្នុងការការពារ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

គណៈសង្ឃពុទ្ធសាសនាកម្ពុជា ក៏សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះវីរភាពរបស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងនៅតាមបណ្តោយព្រំដែនការពារទឹកដី និងប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវដល់សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់កង កម្លាំងគ្រប់ប្រភេទនៅសមរភូមិមុខ ដើម្បីបង្ហាញពីស្មារតីរួបរួមសាមគ្គីជាតិដ៏ធំ ដែលជាខឿនការពារជាតិ ដ៏រឹងមាំជាមួយប្រជាជននៅទូទាំងប្រទេស ក្នុងការប្រឆាំងនឹងការឈ្លានពានរបស់បរទេសមកលើ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕