(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូខេត្តតាកែវ ចូលរួមពិធីបុណ្យខួប៧ថ្ងៃ ជូនវិញ្ញាណក្ខន្ធអនុវរសេនីយ៍ឯក សួន រ៉ោន នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានពលីនៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធជាមួយទាហានថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនមុំបី។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ លោក វ៉ី សំណាង បានសម្ដែងនូវការចូលរួមរំលែកទុក្ខ និងការចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមីដ៏ល្អ និងជាឪពុកដ៏ល្អរបស់កូនៗ។

លោក វ៉ី សំណាង បានលើកឡើងបន្ថែថា «បើទោះលោក សួន រ៉ោន មិនមែនមិនមែនជាកូនរួមផ្ទៃម្ដាយតែមួយជាមួយខ្ញុំ ប៉ុន្តែគាត់ជាកូនរួមផ្ទៃប្រទេសតែមួយ ជាមួយនឹងខ្ញុំ ហើយទោះបីគាត់មិនមែនជាបងប្អូនបង្កើតជាមួយខ្ញុំ ប៉ុន្តែគាត់ជាបងប្អូនរួមឈាមរបស់ខ្មែរតែមួយជាមួយនឹងខ្ញុំ ហើយទោះបីគាត់មិនមែនជាសាច់សារលោហិតរបស់ខ្ញុំ ប៉ុន្តែគាត់ គឺជាសាច់សារលោហិតរបស់ជាតិខ្មែរតែមួយ ជាមួយនឹងខ្ញុំ»

លោកអភិបាលខេត្តតាកែវ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏មាត់ស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកបញ្ហាប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិអាយស៊ីជេផងដែរ។

លោកក៏បាននាំមកនូវថវិកាចំនួន១០លានរៀល និងប្រាក់ដុល្លាចំនួន៣០០ដុល្លារ ដើម្បីចូលបច្ច័យបុណ្យ ជាមួយការឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពវរៈជនស្នេហាជាតិ សួន រ៉ោន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕