(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល ដែលយើងទាំងអស់គ្នា មានកាតព្វកិច្ចក្នុងការចូលរួមដោះស្រាយ និងទទួលខុសត្រូវ និងទាមទារនូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធតាមគ្រប់រូបភាព ដោយមិនត្រូវសាចទឹកដាក់គ្នានោះឡើយ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក សរ សុពុត្រា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តស្ទឹងត្រែង និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ក្នុងខេត្ត ដែលបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។
លោក សរ សុពុត្រា បានថ្លែងថា «បញ្ហាគ្រឿងញៀននេះ មិនមែនចេះតែចោទថា ចូលតាមខេត្តស្ទឹងត្រែង ឬបណ្តាខេត្តជាប់ព្រំដែននោះទេ ព្រោះបញ្ហានេះ វាបានកើតឡើងជាសកល ហើយបញ្ហាគ្រឿងញៀននេះ ជារឿងដែលយើងទាំងអស់ត្រូវរួមគ្នាទទួលខុសត្រូវ រួមគ្នាដោះស្រាយ រួមគ្នាទប់ស្កាត់ បង្ក្រាប នាំគ្នាធ្វើឲ្យប្រសើរឡើង ដោយកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ បញ្ហាគ្រឿងញៀន»។
លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងទៀតថា បច្ចុប្បន្ននេះ ក្រុមសង្គមងងឹតបានមានការវិវឌ្ឍន៍ទាំងសម្ភារៈ មធ្យោបាយ និងគំនិតថ្មីៗ ដែលទាមទាឲ្យមន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែមានរបត់ឲ្យលឿន ជាងក្រុមពួកសង្គមងងឹតទាំងនោះ ហើយស្ថិតនៅក្នុងតួនាទីភារកិច្ចរបស់យើង គឺត្រូវទទួលខុសត្រូវដាច់ខាត បង្ក្រាបនូវគ្រប់បទល្មើសទាំងអស់ ក្នុងមូលដ្ឋានរបស់យើង ទាំងបញ្ហាគ្រឿងញៀន និងក្មេងទំនើង។
លោក អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សម្រាប់នៅតាមព្រំដែនកម្ពុជា-ឡាវ មិនមែនមានតែកងកម្លាំងសមត្ថកិច្ច របស់ខេត្តនោះទេ ដែលនៅប្រចាំការត្រៀមទប់ស្កាត់បទល្មើសនានានៅតាមព្រំដែន ប៉ុន្តែ ក្នុងនោះក៏មានកម្លាំងចម្រុះ ចាប់តាំងពីថ្នាក់ជាតិ ថ្នាក់មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅចាំដោះស្រាយគ្រប់ស្ថានការណ៍៕