(កំពង់ឆ្នាំង)៖ លោកយាយម្នាក់មានអាយុជិត៧០ឆ្នាំ ឈ្មោះ គឹម ហូប មានទីលំនៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ថា គាត់រស់នៅតែម្នាក់ឯងមិនមានប្ដី ឬកូនចៅនោះទេ ហើយបច្ចុប្បន្ននៅចាំផ្ទះ និងដីឲ្យគេមួយកន្លែងស្ថិតក្នុងភូមិក្រាំងធ្នង់ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ សព្វថ្ងៃនេះជីវភាពខ្វះខាត ទាំងមានជំងឺប្រចាំកាយ។

លោកយាយបានរៀបរាប់ថា ពីដើមមកកាលលោកយាយរស់នៅជាមួយឪពុក បានកាប់គាស់ដីដែលក្រុមសាមគ្គីចែកឲ្យធ្វើស្រែ និងចំការសម្រាប់ដោះស្រាយជីវភាព លុះក្រោយមកនៅអំឡុងឆ្នាំ១៩៨៦ ដីស្រែចំការរបស់លោកយាយត្រូវ បានបុគ្គលម្នាក់ជាទាហ៊ាន បាញ់គំរាមយកពីគ្រួសាររបស់លោកយាយតាំងពីពេលនោះរហូតសព្វថ្ងៃ។ បន្ទាប់ពីដីស្រែចំការរបស់លោកយាយ ត្រូវបានគេរំលោភយកលោកយាយក៏បានប្ដឹងមកអាជ្ញាធរសង្កាត់ជាញឹកញាប់ តែកាលណោះពុំមានអាជ្ញាធរហ៊ានដោះស្រាយជូនគ្រួសារលោកយាយឡើយ។

លុះនៅឆ្នាំ២០១៨ លោកយាយក៏បានដាក់បណ្ដឹងមកចៅសង្កាត់ និងបន្ទាប់មកក៏បានប្ដឹងមកតុលាការសុំរក្សាការពារដីនោះជាបណ្ដោះអាសន្ន ដើម្បីស្នើសុំឲ្យអាជ្ញាធរធ្វើការដោះស្រាយជូនលោកយាយ។ ដោយសារតែដីនោះស្ថិត នៅក្នុងតំបន់២ និងភាគីទាំងសងខាងមិនមានប័ណ្ណកម្មសិទ្ធិ ទើបតុលាការមិនមានសិទ្ធិសម្រេច មានតែអាជ្ញាធរខេត្ត ក្នុងនាមជាគណៈកម្មការសុរិយោដីខេត្ត គឺមានសិទ្ធិក្នុងការដោះស្រាយរឿងវិវាទដីខាងលើនេះ។

ពាក់ព័ន្ធករណីវិវាទដីធ្លីខាងលើនេះ កន្លងមកលោកអភិបាលខេត្តតែងបានខិតខំខ្នះខ្នែងក្នុងការដោះស្រាយវិវាទនេះ ជូនភាគីទាំងសងខាងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោកអភិបាលក៏បានចាចំណារប្រគល់ការងារនេះ ជូនមកលោកអភិបាលរងខេត្តជាច្រើនរូប និងជាច្រើនលើក ដើម្បីឲ្យធ្វើការស្រាវជ្រាវប្រមូលព័ត៌មានពីភាគីទាំងសងខាង ដាក់ជូនលោកពិនិត្យដោះស្រាយ តែរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រឿងវិវាទដីធ្លីមួយនេះការដោះស្រាយហាក់ដូចជាមិនដំណើរការទៅមុខតាមបទបញ្ជារបស់លោកអភិបាលខេត្តនោះឡើយ។

ជាចុងក្រោយ លោកអភិបាលពិនិត្យឃើញករណីវិវាទដីធ្លី១ករណីនេះ មានការយឺតយ៉ាវក្នុងការសម្របសម្រួលដោះស្រាយ ទើបកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោកក៏បានចារចំណារមួយទៀតជូនលោក ជា សុខរិទ្ធិ អភិបាលរងខេត្ត ដែលទើបតែប្រកាសចូលកាន់តំណែងថ្មី ដោយបានប្រគល់កិច្ចការនេះឲ្យលោកអភិបាលរង ពន្លឿនក្នុងការចុះធ្វើការដោះស្រាយសម្របសម្រួល និងប្រមូលព័ត៌មានពីភាគីទាំងសងខាងជាថ្មីម្ដងទៀត ដើម្បីធ្វើរបាយការណ៍ដាក់ជូនលោកអភិបាល។

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត បន្ទាប់ពីទទួលបានចំណារពីលោកអភិបាលខេត្ត ប្រគល់ការងារដោះស្រាយនេះជូនលោករួចមក ត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ លោកបានសហការជាមួយនាយកទីចាត់ការអន្តរវិស័យ កោះហៅភាគីទាំងសងខាងមកធ្វើការសាកសួរដើម្បីរកគន្លឹះ ក្នុងការសម្របសម្រួល និងដោះស្រាយដើម្បីបញ្ចប់រឿងថ្ងៃនោះផងដែរ លោកយាយមិនបានចូលរួមឆ្លើយបំភ្លឺនោះទេ ដោយសារតែលោកយាយមានជំងឺមកមិនរួចទើបឲ្យក្មួយៗ ចូលបំភ្លឺជំនួស រីឯលទ្ធផលក្នុងការសម្របសម្រួលយ៉ាងណានោះ ក្រុមការងារដោះស្រាយវិវាទ និងផ្ដល់ព័ត៌មានជូនលោកយាយនៅពេលក្រោយ។

លោកយាយបានបញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធនឹងសំណុំរឿងវិវាទដីធ្លីរបស់លោកយាយខាងលើនេះ លោកយាយ ក៏មានមេធាវីស្ម័គ្រចិត្តជួយការពារក្តីជូនលោកយាយនៅតុលាការ ដោយមិនគិតប្រាក់ផងដែរ។

ក្នុងសំណុំរឿងរបស់លោកយាយកន្លងមក ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវរកឃើញឯកសារមួយចំនួនមានតម្រុយថា ភាគីមួយម្ចាងនោះប្រើប្រាស់ឯកសារក្លែង និងបានបញ្ជូនសំណុំរឿងនោះ មកអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវបន្តបន្ទាប់ពីសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ សាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានសម្រេចចោទប្រកាន់ភាគីម្ខាងនោះថា ពិតជាបានប្រើប្រាស់ឯកសារក្លែងប្រាកដមែន ដែលក្លែងចេញពីសាលាខេត្តកំពង់ឆ្នាំង និងបានផ្ដន្ទាទោសបុគ្គលម្នាក់នោះ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែទោសត្រូវព្យួរ និងសងសំណងមកលោកយាយចំនួន៤០លានរៀលផងដែរ។

បច្ចុប្បន្នត្រូវបានភាគីម្ខាងនោះបានប្ដឹងជំទាស់សាលក្រមរបស់សាលាដំបូងខេត្ត ទៅសាលាឧទ្ធរណ៍ជាបន្ត ចំណែកលទ្ធផលសាលាឧទ្ធរណ៍កាត់យ៉ាងណានោះ លោកយាយពុំទាន់ទទួលបានសាលដីកា ពីសាលាឧទ្ធរណ៍នៅឡើយនោះទេ។

លោកយាយបានបញ្ជាក់បន្ថែមថា ចំពោះទឹកចិត្តរបស់លោកយាយ គឺមិនចង់ឲ្យមាននរណាម្នាក់ជាប់គុកជាប់ច្រវ៉ាក់អីដែរ តែអាស្រ័យទៅលើច្បាប់ ចំពោះលោកយាយ គឺចង់បានតែដីរបស់លោកយាយដែលខំកាប់គាស់ ជាមួយឪពុកកាលដែលគាត់នៅរស់ បើមិនបានទាំងអស់ គឺសុំតែពាក់កណ្ដាលមកវិញដើម្បីលោកយាយបានដីសម្រាប់អាស្រ័យផល និងមួយចំណែកទៀត ផ្ដល់ជូនកូនក្មួយដែលក្រីក្រធ្វើផ្ទះសម្បែងស្នាក់នៅឲ្យបានសមរម្យតែប៉ុណ្ណោះ។

លោកយាយស្នើសុំដល់ថ្នាក់ដឹកនាំ ដែលមានភារកិច្ចដោះស្រាយវិវាទដីធ្លីខាងលើនេះ មេត្តាជួយពន្លឿនការដោះស្រាយឲ្យបានឆាប់ផង បើទោះជាច្បាប់មិនតម្រូវឲ្យភាគីលោកយាយ ទទួលបានដីនោះមកវិញក៏ដោយចុះ លោកយាយមិនតវ៉ាអ្វីនោះឡើយ លោកយាយគ្រាន់តែចង់ឃើញការដោះស្រាយរឿងវិវាទដីធ្លីមួយនេះឲ្យបានចប់ នៅពេលដែលលោកយាយកំពុងនៅមានជីវិត ម្យ៉ាងរឿងវិវាទដីធ្លីនេះបានអូសបន្លាយមានរយៈពេល៥ឆ្នាំមកហើយដែរ៕