(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើដល់លោក ឌិត ទីណា រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរតែបង្កើតកម្មវិធីប្រលងប្រណាំង មន្ត្រី​កសិ​កម្ម​ឃុំដែលមានការងារសកម្ម ជាមួយនឹងប្រជាកសិករ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បន្ដដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋមន្ដ្រីកសិកម្ម គួរតែពិនិត្យមើល អំពីចលនាប្រឡងប្រណាំង ទាក់ទិនជាមួយនឹងក្រុមមន្ដ្រីកសិកម្ម ដែលយើងពង្រាយ [...] គួរតែត្រូវមានលក្ខខណ្ឌវិនិច្ឆ័យ ហើយឲ្យមានការប្រឹងប្រែងប្រឡងប្រណាំង»

សម្តេចតេជោបានគូសបញ្ជាក់ថា ការប្រលងប្រណាំង គួរតែឲ្យមានពីរថ្នាក់ ដោយថ្នាក់ទី១ គឺក្នុងមួយខេត្ដ ប្រឡងយកម្នាក់ដែលឆ្នើម ហើយនៅក្នុងខេត្ដទាំងអស់ និងថ្នាក់ជាតិ គួរតែមានចំនួនជាក់លាក់ ក្នុងការជ្រើសរើស ដើម្បីឲ្យចលនាប្រឡងប្រណាំង រៀនសូត្រ ហើយធ្វើការសកម្មជាមួយនឹងកសិករ។

សូមជម្រាបថា ដើម្បីធានាតម្លៃកសិផលរបស់ប្រជាកសិករ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម បានជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្ម ដើម្បីពង្រាយតាមឃុំ ជួយកសិករដែលមានបញ្ហា ផ្នែកបច្ចេកទេស លើការដាំដុះ និងចិញ្ចឹមសត្វ៕