(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ចំពោះគោលជំហរច្បាស់លាស់ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដោយបានលើកយកបញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី ហើយបានបបួលភាគីថៃ ឲ្យទ្បើងទៅតតាំងគ្នានៅមុខតុលាការយុត្ដិធម៌អន្ដរជាតិ-ICJ ជាលើកទី៣នេះដោយចាប់ពីឆ្នាំ១៩៦២មក បន្ទាប់ពីមានហេតុការណ៍វាយប្រហារប្រដាប់អាវុធនៅតំបន់មុំបី ក្នុងទឹកដីកម្ពុជាបណ្ដាលឲ្យពលទាហានខ្មែរម្នាក់បានបាត់បង់ជីវិត កាលពីព្រឹកថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ កន្លងមកនេះ។

ហេតុការណ៍នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ក្នុងការដែលរាជរដ្ឋាភិបាលកម្ពុជា បានបបួលភាគីថៃ ឲ្យទ្បើងទៅតតាំងគ្នានៅមុខតុលាការយុត្តិធម៌អន្តរជាតិ-ICJ ដោយមានការគាំទ្រពីប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ពិសេសទទួលបានការគាំទ្រពេញទំហឹងពីអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា នាថ្ងៃទី២មិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចតេជោ ហ៊ុន សែន ប្រធានអង្គសមាជ គឺជាផ្ទាំងកញ្ចក់ដ៏ធំឆ្លុះឲ្យឃើញអំពីទង្វើនិងកិរិយាមារយាទកំហូចពិតៗរបស់ថៃ បានធ្វើឲ្យសាធារណៈមតិអន្ដរជាតិលើពិភពលោក មើលឃើញយ៉ាងច្បាស់អំពីទង្វើដ៏ទុច្ចរិតពិតៗរបស់ថៃ។

ព្រោះកន្លងមកភាគីថៃ តែងតែរៀបចំឫកពារធ្វើដូចជាខ្លួនឯងជាប្រទេសរងគ្រោះ និងតែងតែធ្វើការចោទប្រកាន់មកលើកម្ពុជាយ៉ាងក្ដែងៗមិនចេះនឿយហត់ឡើយថា កម្ពុជាបានរំលោភបំពានទៅលើភាគីថៃឬយ៉ាងនេះយ៉ាងនោះដោយគ្មានមូលដ្ឋាន ឬអំណះអំណាងសោះឡើយ។ ហេតុនេះ ចំពោះកម្ពុជា ដែលបានបបួលថៃឲ្យ​ទ្បើង​ទៅ​តុលាការ​អន្តរជាតិ-ICJ មិនហៅថា កម្ពុជា គឺបានចាប់អូសដៃថៃឲ្យចេញពីទីងងឹត មកទីភ្លឺឬអ្វី?

ម្យ៉ាងវិញទៀត ក្នុងចំណោមប្រាសាទដែលកម្ពុជា ដាក់បណ្ដឹងទៅតុលាការអន្ដរជាតិ- ICJ នេះទៀតសោត គឺពួកជាតិនិយមជ្រុលថៃ តែងបញ្ចេញវោហាសាស្រ្ដនូវភាពអំនួតអួតក្អេងក្អាងដោយគ្មានអៀនមាត់សូម្បីតែបន្តិចថា ថៃជាម្ចាស់នៃការកសាងប្រាសាទជាប្រវត្ដិសាស្រ្ដ ឬយ៉ាងនេះយ៉ាងនោះសព្វបែបយ៉ាង?

ស្ថិតក្នុងភាពអំនួតអួតក្អេងក្អាងរបស់ថៃនេះ លោក រ័ត្ន សណ្ដាប់ យល់ថា បើភាគីថៃ ពិតជារងគ្រោះ ឬជាជាតិសាសន៍ដែលមានភាពស៊ីវិល័យដូចខ្លួនបានអួតអាងមែននោះ គឺភាគីថៃ គួរតែមានចិត្ដក្លាហាន និងឯកភាពជាមួយភាគីកម្ពុជា ទោះក្នុងល្គឹកណាក៏ដោយ ចេញមុខមក ទ្បើងទៅតុលាការអន្ដរជាតិ-ICJ ទាំងអស់គ្នាដើម្បីឲ្យសាធារណៈមតិអន្ដរជាតិជុំវិញពិភពលោក បានឃើញនូវភាពហ៊ឺហាក្រៃរបស់ជាតិសាសន៍ខ្លួន។ បើពោលឲ្យចំ ភាគីថៃ មិនគួររកលេសគេចវេះដោយបដិសេធថា ខ្លួនមិនមែនជាសមាជិកតុលាការអន្ដរជាតិ-ICJ នោះទេ។ ហេតុនេះប្រសិនជាថៃ បដិសេធមិនព្រមទ្បើងនៅតុលាការអន្ដរជាតិ-ICJ ទេ មិនខុសអីពីពាក្យចាស់បុរាណខ្មែរពោលថា" ខ្លួនជាចោរស្រែកឲ្យគេជួយចាប់ចោរ" នោះទេ។

ជាសរុបលោក រ័ត្ន សណ្ដាប់ បានមើលឃើញថា ក្នុងប្រវត្ដិមេទ័ពថៃចុងក្រោយថ្មីៗនេះ រាល់មេបញ្ជាការភូមិភាគ២ របស់ថៃ ដែលមកគ្រប់គ្រងក្បែរប្រាសាទបុរាណខ្មែរ តែងមានល្បិចកលប៉ុនប៉ងចង់ធ្វើជានាយករដ្ឋមន្រ្ដីថៃ ហេតុនេះបានជាពួកគេតែងរកលេសបង្កសង្រ្គាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ដើម្បីខ្លួនគេបានទ្បើងជានាយករដ្ឋមន្រ្ដីថៃ៕