(ព្រះវិហារ)៖ សាខាធនាគារជាតិនៃកម្ពុជា ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្តព្រះវិហារ បានរៀបចំយុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ជូនសាធារណជន ដោយមិនគិតកម្រៃសេវា និងត្រូវផ្ទេរចូលតាមរយៈគណនីបាគង និងគណនីធនាគារដែលជាសមាជិកបាគង។
កម្មវិធីនេះរៀបចំឡើងសាលាស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ញ៉ែត នុត នាយកសាខាធនាគារជាតិ ខេត្តរតនគិរី និងលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ។
សូមជម្រាបថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៩គ្រឹះស្ថាន បានចូលរួមយុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ជូនសាធារណជន ដោយមិនគិតកម្រៃសេវា តាមរយៈប្រព័ន្ធបាគង ឬ KHQR គ្រប់ធនាគារជាសមាជិកបាគងភ្លាមៗនៅនឹងកន្លែង។
កម្មវិធីយុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ប្រាក់រៀលតំណាងឱ្យអត្តសញ្ណាណជាតិ និងដើម្បីធ្វើឱ្យសាធារណជន ឬុយុវជន ជំនាន់ក្រោយ ស្រលាញ់ពេញចិត្តប្រាក់រៀលយើង ធ្វើការផ្សព្វផ្សាយតាមរយៈរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល ប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយជំនួសមកវិញនូវក្រដាស់ប្រាក់រៀលថ្មី ការប្រើប្រាស់ប្រាក់រៀល គឺដើម្បីលើកតម្កើងមោទនជាតិ។
បន្ថែមពីនេះក៏មានការចូលរួមជំរុញការប្រើប្រាស់ KHQR ប្រព័ន្ធទូទាត់បាគង លើកកម្ពស់ការទូទាត់ឌីជីថល និងជំរុញបរិយាបន្នហិរញ្ញវត្ថុ ដើម្បីបញ្ជ្រៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សាធារណជន ក្នុងប្រព័ន្ធប្រតិបត្តិការធនាគារឱ្យកាន់តែ ទូលំទូលាយ និងផ្តល់លទ្ធភាព ដល់សាធារណជនធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានបានយ៉ាងស្រួល មានសុវត្ថិភាព រហ័សទាន់ចិត្ត និងគ្មានកម្រៃសេវា នៅទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ប្រព័ន្ធបាគង បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា គិតមកដល់បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកបាគង សរុបចំនួន៦១គ្រឹះស្ថាន។
ក្នុងគោលដៅ និងលើកកម្ពស់វិស័យទេសចរណ៍ ធនាគារជាតិនៃកម្ពុជា ចូលរួមចំណែកសម្រួលការទូទាត់ ដល់ភ្ញៀវទេសចរ ដោយបានអភិវឌ្ឍកម្មវិធីបាគងទេសចរ ត្រូវបានដាក់ឱ្យដំណើរការជាបឋមនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីរួមចំណែកលើក កម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈការ ផ្តល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិច ដែលអាចឱ្យទេសចរអន្តរជាតិ មកំសាន្ដនៅកម្ពុជា ធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។
យុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជនដោយមិនគិតកម្រៃសេវា តាមប្រព័ន្ធអេឡិចត្រូនិច ឌីជីថល ប្រព័ន្ធទូទាត់បាគង KHQR នៅមុខសាលាស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃនេះ ក៏មានសាធារណជនបានយកក្រដាសប្រាក់រៀល ចាស់ ទក់ រហែក អាចយកទៅប្តូរប្រាក់ ដោយមិនគិតកម្រៃសេវា មានប្រជាពលរដ្ឋអញ្ជើញចូលរួមប្តូរក្រដាសប្រាក់រៀលយ៉ាងច្រើនកុះករ សរុបប្រមាណ៤៥០នាក់ បង្កើតគណនីធនាគារថ្មីចំនួន២៦៦គណនី៕