(ភ្នំពេញ)៖ ក្នុងថ្ងៃទី១ នៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី៣ មិថុនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងជំនួបនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ដល់ដំណើរបំពេញទស្សនកិច្ចសារជាថ្មីរបស់នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចនេះដែលនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន រឹងមាំ និងប្រកបដោយភាពជិតស្និទ្ធដូចជាបងប្អូន រួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់ និងអន្តរជាតិ។
នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង ក៏បានសម្ដែងនៅសេចក្តីសោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជាគ្នាពេលនេះ ដែលជាទឹកដីដ៏ស្រស់ស្អាត សំបូរដោយប្រាងប្រាសាទ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់។
នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង បានគូបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងប្រទេសទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានអនុវត្តកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដោយភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធនូវការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ជាពិសេសការប្រើប្រាស់បណ្ដាញទំនាក់ទំនងហេតុការណ៍រវាងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
លោកប្រធានអគ្គសេនាធិការ បានគូសបញ្ជាក់ពីការអនុវត្តដោយប្រសិទ្ធភាព ក្នុងការរួមចំណែកពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ទាំងក្នុងតំបន់ព្រំដែនគោក និងតំបន់ព្រំដែនទឹកប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ដោយកងទ័ពការពារព្រំដែន, យោធភូមិភាគ, អង្គភាពជាប់ព្រំដែន, កងទ័ពជើងទឹកប្រទេសទាំងពីរបានចែករំលែកព័ត៌មានពីស្ថានការណ៍ផ្សេងៗទាន់ពេលវេលា និងបានល្បាតរួមគ្នា ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងដោះស្រាយបញ្ហាកើតឡើងប្រកបដោយប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានអញ្ជើញចូលរួម និងបញ្ជូនកម្លាំងទៅចូលរួមនៅក្នុងពិធីខួបលើកទី ៥០ឆ្នាំ នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការជោគជ័យរួមនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
លោក ង្វៀន តឹនគឿង ក៏បានសំណូមពរមួយចំនួននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រកបដោយប្រសិទ្ធភាព ដោយរក្សាគោជំហរ ស្មារតីឆន្ទៈមុឺងម៉ាត់ មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីប្រទេសនីមួយៗ ដើម្បីបំផ្លាញដល់ផលប្រយោជន៍ប្រទេសទាំងសងខាងឡើយ ក្នុងនោះត្រូវសហការដោះស្រាយបញ្ហាកើតឡើងប្រកបដោយប្រសិទ្ធភាព និងត្រូវកំចាត់ចោលឱ្យទាន់បានពេលវេលា។
ជាការឆ្លើយតបនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលកើតមានតាំងពីយូរលង់មកហើយ និងបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តរីកចម្រើន រឹងមាំជាលំដាប់ គ្មានកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ ទោះបីស្ថានភាពសន្តិសុខពិភពលោក និងតំបន់មានភាពស្មុគស្មាញ ពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការសាទរ ការប្រារព្ធទិវាជាប្រវត្តិសាស្ត្រ ខួបលើកទី៥០ នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម ដែលទើបតែកន្លងទៅថ្មីៗនេះ ប្រកបដោយជោគជ័យ ឱឡារិក និងបានថ្លែងអំណរគុណដល់វៀតណាមចំពោះការរៀបចំបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ដំណើរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចូលរួមទិវាប្រវត្តិសាស្ត្រនេះប្រកបដោយលទ្ធផលល្អ។
ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកន្លងមក ហើយកងយោធពលខេមរភូមិន្ទនឹងបន្តអនុវត្តនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពិធីសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសទាំងពីរ។
លោកអគ្គមេបញ្ជាការ បានស្នើដល់ភាគីវៀតណាមក្នុងការបន្តផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព និងប្រភេទទ័ព ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការសង្គ្រោះមហន្តរាយ ការល្បាតរួមគ្នាតាមដែនគោក ដែនសមុទ្រ កិច្ចសហការបោះបង្គោលព្រំដែន និងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីលើទឹកដីកម្ពុជា។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានស្នើឱ្យបន្តការពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដោយរួមគ្នាកសាងតំបន់ព្រំដែនឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕