(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ប្រចាំកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំវគ្គតម្រង់ទិសសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងក្រសួងពាណិជ្ជកម្ម មុនពេលពួកគាត់ចូលរួមវគ្គបណ្តុះបណ្តាលឆ្នាំទី៣ ក្នុងកម្មវិធីស្តីពី «ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាស​នីយបត្រ​តក្ក​កម្ម​នៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥»។

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទូលំទូលាយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ជាមួយកម្ពុជា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈ ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតលើការច្នៃប្រឌិតនិងសិទ្ធិកម្មសិទ្ធិបញ្ញា។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលឆ្នាំទី១ និងទី២ កម្មវិធីឆ្នាំនេះនឹងមានសិក្ខាកាមចូលរួមចំនួន១៥នាក់ ដែលនឹងទទួលបានការបណ្តុះបណ្តាលជាក់ស្តែងស្តីពីម៉ាក (trademarks) ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (geographical indication-GI) គំនូរឧស្សហកម្ម និងយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មនិងការគ្រប់គ្រងបច្ចេកវិទ្យា។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងការបង្កើត និងប្រើប្រាស់​កម្មសិទ្ធិបញ្ញា (intellectual property-IP) ដោយហេតុនេះគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការបង្កើតឱកាសថ្មីៗតាមរយៈការការពារប្រកបដោយប្រសិទ្ធភាព និងការអនុវត្ត កម្មសិទ្ធិបញ្ញា។

លោកស្រី សេជីន លី (Ms. Sejin Lee) នាយិការងនៃការិយាល័យ កយកា-KOICA ប្រចាំប្រទេសកម្ពុជា បានអបអរសាទរដល់សិក្ខាកាមចូលរួមទាំងអស់​ដែលបានត្រូវបានជ្រើសរើស​ឱ្យចូលរួមវគ្គ​បណ្តុះបណ្តាល និងបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់កម្ពុជា សម្រាប់វឌ្ឍនភាពក្នុងវិស័យកម្មសិទ្ធិបញ្ញា។

លោកស្រីបានថ្លែងថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា តាមរយៈការពង្រឹងធនធានមនុស្ស នៅក្នុងវិស័យ​សំខាន់នេះ។

លោកស្រី លី ក៏បានកត់សម្គាល់ផងដែរថា កិច្ចសហប្រតិបត្តិការរបស់កយកា-KOICA ជាមួយកម្ពុជា បានពង្រីកលើសពីកម្មសិទ្ធិបញ្ញា ដោយកយកា-KOICA បានជួយដល់វិស័យផ្សេងៗទៀត រួមទាំង សុខភាពសាធារណៈ ការអប់រំ និងកសិកម្ម។ ចាប់តាំងពីឆ្នាំ១៩៩៤មក កយកា-KOICA បាននិងកំពុងផ្តល់ទាំងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមរយៈកម្មវិធី​ការកែលម្អសមត្ថភាព និងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(CIAT) ឬកម្មវិធីបណ្តុះបណ្តាល ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជានៅទូទាំងវិស័យជាច្រើន។

ក្នុងអំឡុងពេលនៃវគ្គតម្រង់ទិសមុនចេញដំណើរនេះ បុគ្គលិករបស់កយកា-KOICA បានបង្ហាញនូវ ទិដ្ឋភាពទូទៅនៃកម្មវិធីបណ្តុះបណ្តាល គន្លឹះជាក់ស្តែងសម្រាប់ការស្នាក់នៅក្នុងប្រទេសកូរ៉េ និងគោលការណ៍ណែនាំអំពីកម្មវិធីសំខាន់ៗដើម្បីជួយធានាបាននូវការរៀនសូត្រប្រកបដោយសុវត្ថិភាពនិងផលិតភាព។

តំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ និងក្រសួងពាណិជ្ជកម្ម ក៏បានធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំប្រទេស ដោយលើកឡើងពីស្ថានភាពបច្ចុប្បន្ន​នៃប្រព័ន្ធសិទ្ធិកម្មសិទ្ធិបញ្ញា​របស់កម្ពុជា រួមទាំងរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ខ្លួនចន្លោះប្រហោងសំខាន់ៗដូចជា អវត្តមាននៃយុទ្ធសាស្ត្រសិទ្ធិកម្មសិទ្ធិបញ្ញាជាតិ និងតម្រូវការបន្ទាន់ក្នុងការពង្រឹងជំនាញក្នុងស្រុក។
របាយការណ៍នេះក៏បានកំណត់ភារកិច្ចអាទិភាព ដូចជាការណែនាំប្រព័ន្ធភ្នាក់ងារកម្មសិទ្ធិបញ្ញា ការជំរុញសហគ្រាសថ្មី(Startups) ដោយផ្អែកលើសិទ្ធិកម្មសិទ្ធិបញ្ញា និងការបង្កើនការយល់ដឹងជា​សាធារណៈ​ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេលវែងក្នុងវិស័យនេះ។

នាឱកាសនោះដែរ សិក្ខាកាមដែលបានជ្រើសរើសបានបង្ហាញពីការដឹងគុណរបស់ពួកគេចំពោះ កយកា-KOICA និងរដ្ឋាភិបាលកូរ៉េ សម្រាប់ការគាំទ្រ ហើយពួកគេបានបង្ហាញភាពរំភើបរីករាយ និងការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់ការកសាងជំនាញវិជ្ជាជីវៈ ក្នុងដើម្បីធ្វើឱ្យយល់ដឹងកាន់តែទូលំទូលាយ នៅក្នុងកម្មវិធីអំពីកម្មសិទ្ធិបញ្ញានិងការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម៕