(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើក​ឡើង​ថាភាពរឹងមាំនៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម ជា​ចំណែកជួយជំរុញដល់ទំនាក់ទំនង ក៏ដូចជាវិស័យដទៃទៀតរវាងកម្ពុជា និងវៀតណាមផងដែរ។

សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយនាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែង​ស្វាគមន៍​​ប្រកបដោយក្តីរីករាយចំពោះដំណើរទស្សនកិច្ចរបស់ នាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង និងគណៈប្រតិភូនៅកម្ពុជា ។ សម្តេចតេជោ បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែល​បន្ត​កាន់តែរឹងមាំ និងស្អិតល្មួតផ្អែកលើស្មារតីជាប្រពៃណី សាមគ្គីភាព ភាព​ជា​អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ លើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ច​របស់​នាយ​ឧត្ដមសេនីយ៍ ង្វៀន តិន គឿង នឹងរួមចំណែកពង្រឹងទំនាក់​ទំនង​ទ្វេភាគីបន្ថែមទៀត ជាពិសេសក្នុងវិស័យកងទ័ពរវាងប្រទេស​ទាំង​ពីរ។

នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង បានថ្លែងអំណរគុណសម្តេចតេជោ ដែល​បានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានជួបសម្តែងការគួរ​សម។ នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង ក៏បាននាំមកនូវការសាកសួរ​សុខ​ទុក្ខពីសំណាក់លោក តូ ឡឹម អគ្គលេខាធិការបក្ស​កុម្មុយនិស្តវៀត​ណាម និងប្រធានរដ្ឋសភាវៀតណាម ជូនសម្តេចតេជោ ហ៊ុន សែន ផង​ដែរ។

នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំគណៈប្រតិភូចូលរួមខួប៥០ឆ្នាំនៃការរំដោះភាគ​ខាង​ត្បូងរបស់វៀតណាម កាលពីខែមេសាកន្លងទៅ។

នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង បានថ្លែងកោតសរសើរពីការរីក​ចម្រើន និងការអភិវឌ្ឍយ៉ាងឆាបរហ័សនៅកម្ពុជា ជាពិសេសការថែរក្សា​បាននូវ​សុខសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេស ព្រមទាំងភាពរីកចម្រើន​ផ្នែក​​សេដ្ឋកិច្ចនៅកម្ពុជា។

នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង ក៏បាននាំនូវការអញ្ជើញរបស់លោក តូ ឡឹម ជូនសម្តេចតេជោ ហ៊ុន សែន ​ចូលរួមបុណ្យឯករាជ្យជាតិ​វៀត​ណាម​លើកទី៨០ នាពេលខាងមុខ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខលោក តូ ឡឹម និងផ្តាំសួរសុខទុក្ខប្រធានរដ្ឋសភាវៀតណាមផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានអរគុណវៀតណាម សម្រាប់ការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃការរំដោះភាគខាងត្បូង។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៥​ខាងមុខ ជាខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាដំណើររំដោះជាតិ​ដែល​សម្តេច​បានយកជីវិតធ្វើជាដើមទុន។

សម្តេចតេជោ បានបញ្ជាក់ថា ខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការ​រំដោះ​ជាតិនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នឹងអញ្ជើញ​ជាអ​ធិបតីក្នុងពិធីនេះ។ ដោយឡែកខួប៥០ឆ្នាំនា៣ឆ្នាំខាងមុខនេះ គឺ​សម្តេចតេជោ ​នឹងអញ្ជើញជាអធិបតីដោយផ្ទាល់តែម្តង ដើម្បីរំលឹកនូវ​ប្រវត្តិ​សាស្ត្រនៃការតស៊ូក្នុងការរំដោះជាតិ និងជីវិតប្រជាពលរដ្ឋកម្ពុជា។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើផងដែរអំពី​កិច្ច​សហប្រតិបត្តិការលើវិស័យកងទ័ពរវាងកម្ពុជា និងវៀតណាម។ សម្តេច​តេជោ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងវៀត​ណាម មានស្អិតល្មួត ហើយក៏ជាផ្នែកមួយក្នុងការជំរុញបន្ថែមទៀត ដល់​ទំនាក់​ទំនង និងវិនិយោគរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ​ថែមទៀត ផ្តើមចេញពីទំនាក់ទំនងដ៏រឹងមាំលើវិស័យកងទ័ពនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទទួលយក​ការអញ្ជើញ​របស់​លោក តូ ឡឹម ទៅចូលរួមអបអរសាទរខួប៨០ឆ្នាំ នៃការទទួលបានឯករាជ្យ​របស់វៀតណាមផងដែរ។

ក្នុងជំនួបនេះ សម្តេចតេជោ ក៏បានស្នើវៀតណាម ពន្លឿនការជជែក​ឈាន​ទៅបញ្ចប់ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ដែលនៅសេសសល់ចំនួន ១៦ភាគរយ៕