(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌូនេស៉ី បានផ្តល់ជំនួយយោធាដល់កងយោធពលខេមរភូមិន្ទ មានតម្លៃចំនួន ៥០ម៉ឺនដុល្លារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ នេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ រវាងប្រទេសទាំងពីរ។
នេះបើតាមការថ្លែងរបស់លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា នៅក្នុងវេទិកាក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតឥណ្ឌូនេស៉ី ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៉ី និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូនេស៉ី។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាដែរថា សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ប្រទេសទាំងពីរបានចុះ MoU រវាងកងទ័ព និងកងទ័ព នៅឆ្នាំ២០០៧, MoU ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន នៅឆ្នាំ២០២៣ និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ឆ្នាំ២០២៤ ព្រមទាំងការកសាងសមត្ថភាព និងជំនួយបណ្តុះបណ្តាលសម្រាប់កងយោធពលខេមរភូមិន្ទ ផងដែរ។
នាឱកាសប្រគល់ជំនួយដល់កងយោធពលខេមរភូមិន្ទ លោក Santo បានបញ្ជាក់ថា «នៅក្នុងបរិយាកាសសន្តិសុខសកលដែលមិនអាចទាយទុកជាមុនបានកាន់តែខ្លាំងឡើង វាជារឿងសំខាន់សម្រាប់ឥណ្ឌូនេស៉ី និងកម្ពុជា ដែលជាប្រទេសជិតខាង និងជាសមាជិកនៃសហគមន៍អាស៊ាន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពយោធារបស់គ្នាទៅវិញទៅមក»។
ជាមួយគ្នានេះ លោក Santo Darmosumarto ក៏បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ នឹងត្រូវបន្តពង្រីកបន្ថែមទៀត។
គេហទំព័រស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងឥណ្ឌូនេស៊ី និងកម្ពុជា បានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែត្រូវបានពង្រឹងបន្ថែមទៀត នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ ឥណ្ឌូនេស៊ីបានបញ្ជូនកងរក្សាសន្តិភាពជាង ៣ ៩០០នាក់ ដើម្បីបម្រើក្នុងបេសកកម្ម UNTAC ក្នុងឆ្នាំ១៩៩២-១៩៩៣ ។ ពួកគាត់ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយប្រជាជនកម្ពុជា ហើយអន្តរកម្មរវាងកងរក្សាសន្តិភាពឥណ្ឌូនេស៊ី និងសហគមន៍មូលដ្ឋានបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរស់រវើកឡើងវិញ បន្ទាប់ពីមានភាពចលាចលជាច្រើនឆ្នាំក្នុងកំឡុងសង្គ្រាមត្រជាក់។ កងទ័ពឥណ្ឌូនេស៊ីផ្តល់ការបណ្តុះបណ្តាលជាប្រចាំដល់អង្គភាពផ្សេងៗនៃកងយោធពលខេមរភូមិន្ទ រួមទាំងកងកម្លាំងកូម៉ង់ដូពិសេស (កងពលតូចលេខ ៩១១) និងទីបញ្ជាការឆ្មាំ (BHQ) ផងដែរ។ កិច្ចសហប្រតិបត្តិការនេះក៏ត្រូវបានកត់សម្គាល់ដោយការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាញឹកញាប់រវាងមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរ៕