(ភ្នំពេញ)៖ លោក មែ ស៊ីថន ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំយកសារលែកទុក្ខ និងថវិការបស់សម្ដេចនាយករដ្ឋមន្ដ្រី ចូលរួមបុណ្យសពឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក ដែលបានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ។
តាមរយៈសាររំលែកទុក្ខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «លោកស្រី អោម គឹមលី ព្រមទាំងក្រុមគ្រួសារ លោកស្រី ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អាន!
ខ្ញុំ និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងថា ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក ដែលជាស្វាមីរបស់លោកស្រី បានទទួលមរណភាពនៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១១៖១០នាទីព្រឹក ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមរំលែកទុក្ខជាមួយ លោកសី ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ ការបាត់បង់ ឧត្តមសេនីយ៍ឯក សាម ហ៊ គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្ដុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយ ជាពិសេស គឺជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនដ៏ឆ្នើមមួយរូបដែលពោរពេញដោយ ឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ព្រមទាំង បានចូលរួមគោរពនិងអនុវត្តនូវបទបញ្ជា ដ៏ត្រឹមត្រូវចំពោះកិច្ចការដែលថ្នាក់លើបានប្រគល់ជូនប្រកបដោយការទទួលខុសត្រូវជាទីបំផុត។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ឯក ស៊ាម ហ៊ សូមឱ្យឆាប់បាន យោនយកកំណើតកើតនៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕