(ភ្នំពេញ)៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រាបបង្គំថ្លែងអំណរព្រះរាជគុណ ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ជាព្រះរាជូបត្ថម្ភដល់កងទ័ពកម្ពុជា ដែលឈរជើងនៅតាមបណ្តោយព្រំដែន។
នៅក្នុងសារលិខិតរវបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ មានខ្លឹមសារដូចនេះថា៖ «ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ១០.០០០ដុល្លារអាមេរិក អំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជា ព្រះរាជទានដ៏ឧត្តុង្គឧត្តម សម្រាប់ជាព្រះរាជូបត្ថម្ភដល់កងទ័ពកម្ពុជាដែលឈរជើងនៅតាមបណ្តោយព្រំដែន។
តាងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោស ព្រះរាជូបត្ថម្ភដល់រាជរដ្ឋាភិបាល តាំងពីដើមរៀងមក ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធ ពរជ័យ បវរសួស្តី មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូន ចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ»៕