(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងជំនួបនោះ អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម។ លោកអនុរដ្ឋមន្ត្រីបានអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលយ៉ាងច្រេីនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី។
លោកអនុរដ្ឋមន្ត្រី បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី, កម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ជាពិសេស កម្ពុជានឹងសម្រេចបានជោគជ័យក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកាន់តែមានកិត្យានុភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ។
លោកអនុរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា និងបានគូសរំលេចថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បាននិងកំពុងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែដ៏ល្អលើគ្រប់វិស័យ។
លោកអនុរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្តេចមហាបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ជាមួយនឹងគណៈប្រតិភូអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលក្នុងនោះ កងទ័ពទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។
លោកបានសង្កត់ធ្ងន់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺជាសរសរស្ដម្ភមួយដ៏សំខាន់ ក្នុងការរួមចំណែកពូនជ្រំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងសម្តែងសេចក្ដីសោមនស្សរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។
សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើវិស័យសំខាន់ៗផ្សេងទៀត ដូចជា៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាដេីម។
សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់កងទ័ពវៀតណាម ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា នៅក្នុងវិស័យការពារជាតិ ដែលជាការរួមចំណែកជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
សម្តេចមហាបវរធិបតី បានអបអរសាទរចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពនៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការបន្តពូនជ្រំ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
សម្តេចមហាបវរធិបតីក៏បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ៕