(កំពង់ចាម)៖ ប្រប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមលោក ខ្លូត ផន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ ការអនុវត្តការងា ររបស់រដ្ឋបាលស្រុកចំការលើ ក្នុងគោលបំណង ដើម្បីពង្រឹងការងារ លើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចចាប់ផ្ដើមនៃអង្គប្រជុំ អភិបាលខេត្តកំពង់ចាម បានថ្លែងថា ស្រុកចំការលើនេះ គឺជាស្រុកទី២ ហើយ បន្ទាប់ពីស្រុកស្រីសន្ធរ ដែលថ្នាក់ដឹកនាំខេត្ត បានចុះត្រួតពិនិត្យលើការងាររដ្ឋបាល ជាពិសេសនៅច្រកចេញចូលទៅមួយ របស់រដ្ឋបាលស្រុក ក្នុងការឆ្លើយតប បម្រើសេវាជូនប្រជាពលរដ្ឋ និងចង់ឃើញប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសាន្ត និងសប្បាយរីករាយ។

អភិបាលខេត្តបានថ្លែងបន្តថា តើធ្វើយ៉ាងណា ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសាន្ត មន្ត្រីយើងចាំបាច់ត្រូវមើលអំពីការងារប្រចាំថ្ងៃ ថាតើអ្វីដែលជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ? ហើយអ្វីដែលជាកាតព្វកិច្ច របស់មន្ត្រីយើង? ដូចជាកម្លាំងប្រដាប់អាវុធត្រូវការបម្រើប្រជាពលរដ្ឋរបស់យើងជាដើម។ ដូច្នេះមន្ត្រីយើងត្រូវតែធ្វើការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ដូចជាសេវាកាតព្វកិច្ច និងសេវាសំណូមពរ ដោយត្រូវធ្វើការឆ្លើយតប នូវបំណងប្រាថ្នាពិតប្រាកដរបស់ប្រជាពលរដ្ឋ។

អភិបាលខេត្ត បានបញ្ជាក់ថា ចំណុចទី១ ការបម្រើសេវាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អ មិនមានបាតុភាពអសកម្ម គ្មានអំពើចោរកម្មផ្សេងៗ គ្មានបញ្ហាគ្រឿងញៀន គ្មានបញ្ហាក្មេងទំនើង ដែលរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ និងចំណុចទី២ គឺការបម្រើសេវា ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ នូវឯកសារផ្សេងៗ ដើម្បីពួកគាត់យកទៅប្រកបការងារដែលស្របច្បាប់ ក្នុងការបង្កើនចំណូលក្នុងគ្រួសារ។ ហេតុដូច្នេះហើយ ដែលត្រូវការឲ្យមន្ត្រីរបស់យើង រួមទាំងកងកម្លាំង ធ្វើការងារប្រកបដោយស្វាហាប់ និងម៉ឺងម៉ាត់ព្រមៗគ្នា ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសាន្ត និងមានទំនុកចិត្ត៕