(ព្រះវិហារ)៖ ជនសង្ស័យជាកូនតិរិច្ឆានម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលឧត្តរមានជ័យ ធ្វើការឃាត់ខ្លួនបាននៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យដេកស្លាប់ក្នុងខ្ទមស្រែ នៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនានេះថា ការឈានដល់ការឃាត់ខ្លួនបានជនសង្ស័យរូបនេះ គឺដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ហើយប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក តៀម សង្រ្គាម នាយការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងកម្លាំងអធិការនគរបាលស្រុកគូលែន សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ស្រី ស៊ីណា ហៅ ណាវ វាសនា អាយុ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់សពជនរងគ្រោះឈ្មោះ ដួង ស្រី អាយុ៦០ឆ្នាំ។
លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨៖៣៥នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ បានទទួលព័ត៌មានករណីឃាតកម្មកាប់ជនរងគ្រោះម្នាក់ស្លាប់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩៖៣០នាទី នៅចំណុចខ្ទមស្រែត្រពាំងប៉ាលហាល ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកគូលែន និងអាជ្ញាធរ ភូមិ ឃុំ កម្លាំងអាជ្ញាធរជាតិប្រចាំប្រាសាទកោះកេរ និងគ្រួសារសព បានចុះទៅដល់កន្លែងកើតហេតុនៅក្រោមសំយ៉ាបខ្ទមស្រែ ដើម្បីពិនិត្យ និងស្រាវជ្រាវជាបន្ទាន់។
បើតាមការបំភ្លឺរបស់ពលរដ្ឋ ដែលមានខ្ទមស្រែនៅមិនឆ្ងាយពីខ្ទមស្រែជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ជនសង្ស័យឈ្មោះ ណាវ វាសនា ហៅ ស៊ីណា បានដើរមកសុំខ្ចីម៉ារវេន ដើម្បីបញ្ឆេះម៉ាស៊ីនគោយន្តកន្ត្រៃយ៍ពីគាត់ តែគាត់មិនឲ្យទេ ហើយម៉ារវេនរបស់ជនសង្ស័យត្រូវឪពុកជាជនរងគ្រោះ បានយកលាក់ទុកមិនឲ្យប្រើ ទើបធ្វើឲ្យជនសង្ស័យជាកូនខឹងឪពុក ហើយឈានដល់ការយកកាំបិតកាប់ឪពុករបស់ខ្លួនឯងបែបនេះ។
ក្រោយចាប់ខ្លួនជនដៃដល់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕