(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី ដឹកនាំដោយលោក ទេព ហន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទ​ក្រហមកម្ពុជាស្រុក និងសហការី នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ មានចាសជរា ជនមានពិការភាព ដែលមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ រស់នៅភូមិអង្គ្រងឃុំជ្រៃ ស្រុកមោងងឬស្សី ខេត្តបាត់ដំបង ។

នាឱកាសនោះលោក ទេព ហន បានពាំនាំនូវប្រសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និង កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ ចោល»។

ជាមួយគ្នានោះលោក ទេព ហន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត និងសូមបង្កើនការប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ដោយសារអាកាសធាតុមានការប្រែប្រួលអាចមានជាភ្លៀងលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ទ្រាក់ដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។ បន្ថែមពីនេះសូមបន្តចូលរួមក្នុងការទប់ស្កាត់​ការឆ្លងរីករាលដាល​នៃជំងឺឆ្លង​កាចសាហាវផ្សេងៗដូចជំងឺកូវីដ-១៩ ផ្ដាសាយបក្សី(H5N1) គ្រុនចាញ់ គ្រុនឈីក គ្រុនឈាម។ ព្រមទាំងចូលរួមកំចាត់ជំងឺមិនឆ្លងដោយមិនត្រូវបរិភោគអាហារមានរសជាតិផ្អែមពេក ប្រៃពេក កាត់បន្ថយការពិសារភេសជ្ជៈកំប៉ុងនិងចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនគ្រួសារនីមួយៗ រួមមាន៖ អង្ករ ២៥ គីឡូ ទឹកត្រី ០១ យួរ ទឹកស៊ីអ៊ីវ ០១ យូរ មី ០១ កេស, ទឹកបរិសុទ្ធ ០១ កេស និងថវិកា ៥០,០០០ផងដែរ៕