(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតប្រមូលបានភស្តុតាង និងអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឿក ឆាន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរចៅសង្កាត់រងទី២ គណបក្សភ្លើងទៀន សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ពីបទ «ក្លែងបន្លំឯកសារសាធារណៈ»។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឌឿក ឆាន ត្រូវបានបន្តបញ្ជូនមកស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។
សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្ត បទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់គណបក្សគណបក្សភ្លើងទៀន ដែលចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥៕