(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះបន្ទូលលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាលនានា ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលបែបនេះបានធ្វើឡើងក្នុងឱកាសដែលព្រះអង្គទ្រង់សម្តេចយាង ថ្លែងព្រះរាជសន្ទរកថាក្នុងឱកាសទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» (Beat Plastic Pollution) នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
តាមរយៈព្រះរាជសន្ទរកថា ព្រះមហាក្សត្រ ទ្រង់មានបន្ទូលថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន ដែលបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយអំពីសមិទ្ធផលដែលថ្នាក់ដឹកនាំ និងមន្ត្រី រាជការក្រសួងបរិស្ថានទាំងអស់ប្រឹងប្រែងសម្រេចបានកន្លងមក សំដៅធានាបានការការពារ និងការ អភិរក្សធនធានធម្មជាតិ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជានៃយើង។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះបន្ទូលបន្តថា មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលជាកេរដំណែលពីបុព្វបុរសបានថែរក្សាទុកសម្រាប់យើងទាំងអស់គ្នា។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើដ៏ខៀវ ស្រងាត់ ទន្លេមេគង្គ បឹងទន្លេសាបដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរដ៏ស្រស់ស្អាត និងប្រជុំកោះតូច ធំ។ សម្បត្តិធម្មជាតិទាំងអស់នេះហើយគឺជាសរសៃឈាមនៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង។
ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលថា ការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានជាតិ ស្របពេលជាមួយនឹងទិវាបរិស្ថានពិភពលោក ៥ មិថុនា នាថ្ងៃនេះ គឺជាការជួបជុំគ្នាដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងសូមសម្តែងនូវព្រះហឫទ័យរីករាយជាអនេក និងសូមអរព្រះគុណចំពោះវត្តមានរបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិ និងបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ ដែលបានចូលរួមចំណែកគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់យើង។
ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលបបន្ថែមថា ប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥នេះ គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែ ជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ។
ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំព្រះករុណា ខ្ញុំក៏សូមលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាលនានា ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
ព្រះមហាក្សត្រ ក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការដៃគូ អភិវឌ្ឍន៍ជាតិនិងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដែលបានចូលរួមដល់កិច្ចការពារ និងអភិរក្សបរិស្ថាន និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។
ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលឧទ្ទិសឱ្យទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ស្ថិតក្នុងបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕