(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទវិទ្យាសាស្រ្តលើកទី១៤ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ្២០២៥នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជំរុញ និងលើកទឹកចិត្ត សិស្ស និងនិស្សិតកម្ពុជា បង្កើនការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ហៅកាត់ សាលាតិចណូ) បានរៀបចំសន្និសីទវិទ្យាសាស្រ្តលើកទី១៤ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការប្រើប្រាស់សក្តានុពលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីនវានុវត្តន៍ និងកំណើន ដើម្បីជំរុញ និងលើកទឹកការស្រាវជ្រាវនៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្រុក តំបន់ និងអន្តរជាតិ។ សន្និសីទនេះ មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណ ២០០០នាក់។ សន្និសីទវិទ្យាសាស្រ្តលើកទី១៤ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានេះ បានប្រព្រឹត្តទៅក្រោមកិច្ចសហប្រតិ្តបត្តិការជាមួយដៃគូរជាតិ អន្តរជាតិ វិស័យឯកជន និងស្ថាប័នផ្សេងៗជាច្រើនទៀត។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការប្រារព្ធសន្និសីទវិទ្យាសាស្រ្តនាពេលនេះ គឺមានសារៈសំខាន់ណាស់ ជាពិសេសលើកទឹកចិត្តសិស្សនិស្សិត និងអ្នកស្រាវជ្រាវ បង្កើនការសិក្សាស្រាវ និងជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិនានា។ តាមរយៈកិច្ចសហការ រវាង សាលាតិចណូ ជាមួយប្រទេសនានា ដូចជា ជប៉ុន បារាំង សហគមន៍ រួមនឹងបណ្តាប្រទេសផ្សេងទៀត ព្រមទាំងអាស៊ាន នឹងជំរុញនូវការអភិវឌ្ឍន៍ធនធានមនុស្សលើការស្រាវជ្រាវវិទ្យាសាស្រ្តបន្ថែមទៀត។

លោកមានប្រសាសន៍ថា «ការសិក្សាស្រាវជ្រាវគឺមានសារៈសំខាន់សម្រាប់ការសិក្សា បើគ្មានការសិក្សាស្រាវជ្រាវយើងក៏មិនអាចធ្វើការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន បើគ្មានសមត្ថភាពយើងក៏មិនអាចចូលរួមអភិវឌ្ឍន៍ប្រទេសបាន»

សន្និសីទវិទ្យាសាស្រ្តនេះធ្វើឡើងក្នុងគោលដៅសំខាន់ៗរួមមាន ១). ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្រុក តំបន់ និងអន្តរជាតិ៖ ភាពជាដៃគូរឹងមាំគឺជាមូលដ្ឋានគ្រឹះនៃការស្រាវជ្រាវដែលមានឥទ្ធិពល ២).ជំរុញសកម្មភាពស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយធ្វើការចាប់ដៃគ្នាជាមួយដៃគូជាតិ និងអន្តរជាតិ ៣).លើកកម្ពស់ការស្រាវជ្រាវចម្រុះនិងកិច្ចសហការ៖ ផ្តោតលើការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងទៅកាន់ឧស្សាហកម្ម និងសង្គម ៤).ពង្រឹងសមត្ថភាពស្រាវជ្រាវ និងជំរុញការបង្កើតថ្មី ជាពិសេសនៅក្នុងការអប់រំផ្នែកវិស្វកម្ម និង ៥). ចែករំលែកលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដោយធ្វើឱ្យប្រាកដថា អាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការងារស្រាវជ្រាវនេះ។

សាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានលើកឡើងថា ប្រធានបទនៃសន្និសីទវិទ្យាសាស្រ្តលើកទី១៤ នេះគឺផ្តោតលើ ការប្រើប្រាស់សក្តានុពលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីនវានុវត្តន៍ និងកំណើន គាំទ្រដោយផ្ទាល់នូវគំនិតផ្តួចផ្តើមរបស់ក្រសួង និងឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព។ គោលបំណងនៃទិវាវិទ្យាសាស្ត្រនេះស្របតាមយុទ្ធសាស្ត្រ១០ ឆ្នាំ របស់វិទ្យាស្ថានសម្រាប់ឆ្នាំ ២០២១-២០៣១ ដោយប្រាថ្នាចង់ក្លាយជាសាកលវិទ្យាល័យឈានមុខគេក្នុងតំបន់ ពូកែខាងអប់រំ និងស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រអនុវត្ត បច្ចេកវិទ្យា និងវិស្វកម្ម។

លោកបន្តថា «យើងប្តេជ្ញាផលិតនិស្សិតដែលមិនត្រឹមតែមានសមត្ថភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងវិស័យឧស្សាហកម្ម ទន្ទឹមនឹងការពង្រឹងសមត្ថភាពរបស់យើងសម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការច្នៃប្រឌិតតាមរយៈការបំប្លែងលទ្ធផលស្រាវជ្រាវទៅជាឱកាសអាជីវកម្ម និងការផ្ទេរបច្ចេកវិទ្យាដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា»

នៅក្នុងសន្និសីទវិទ្យាសាស្រ្តលើកទី១៤នេះដែរ ក៏មានបទបង្ហាញចែករំលែកលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត នវានុវត្តន៍ ចំនួន១២៣ ប្រធានបទខុសៗគ្នា ការតាំងពិព័រណ៍ posters របស់អ្នកស្រាវជ្រាវ និងនិស្សិតចំនួន៦៨រូប និងការតាំងពិព័រណ៍សរុបចំនួន៤៣ស្តង់ ពីក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក អ្នកឧបត្ថម្ភកម្មវិធី មហាវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត សាលាក្រោយបរិញ្ញាបត្រ កម្មវិធីអន្តរជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ប្រធានបទទាំងនោះទាក់ទងនឹង បច្ចេកវិទ្យា និងការគ្រប់គ្រងថាមពល (Energy Technology and Management); បច្ចេកវិទ្យាអាហារ និងអាហារូបត្ថម្ភ (Food and Nutrition Technology) ; មេកាត្រូនិច និងបច្ចេកវិទ្យាពត៌មាន (Mechatronics and Information Technology); វិទ្យាសាស្រ្តរូបធាតុ និងគ្រឿងបង្គុំ (Materials Science and Structures); ទឹក និងបរិស្ថាន (Water and Environment)។

បន្ថែមពីនេះទៀត មានការចូលរួមតាំងពិព័រណ៍បង្ហាញលទ្ធផលស្រាវជ្រាវ ផលិតផលគម្រូ ពីសាស្រ្តាចារ្យ និស្សិត ដៃគូរអភិវឌ្ឍន៍ និងក្រុមហ៊ុនដែលឈានមុខគេក្នុងវិស័យវិទ្យាសាស្រ្តស្រាវជ្រាវជាច្រើនដូចជា៖ PanasonicPlatinum Sponsor), AFD; IRD; TEM; and FTRIP Project(Premium Sponsors), CIRAD; DKK-TOA Corporation & Grande Solid Co., Ltd.; Grande Solid Co., Ltd. & Kyoto Electronics Manufacturing Co., Ltd.; and LHSBI Insurance (Gold Sponsors), CapCEE; DENSO (Cambodia) Co., Ltd.; Dynamic Scientific; SNP-PT International Co., Ltd., Thai-YAZAKI Electric Wire Co., Ltd., and Yonemori Construction Co., Ltd. (Silver Sponsors), Today Internet; and NTC NeocomISP Limited (Internet Sponsors) និង One More Manufacturing Co., Ltd (In-kind sponsor)។អង្គការដៃគូ និងក្រុមហ៊ុនទាំងនេះ បានចូលរួមឧបត្ថម្ភកម្មវិធីសន្និសីទវិទ្យាសាស្រ្តលើកទី១៤ ដែលជាការរួមចំណែកជំរុញដល់វប្បធម៌ស្រាវជ្រាវ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន (សាលាតិចណូ) បន្ថែមទៀត៕