(សិង្ហបុរី)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ Asia Tech x Singapore (AtxSG) និងសិក្ខាសាលា Global Cross-Border Privacy Rules (CBPR) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា និងក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសជាច្រើនជុំវិញពិភពលោក កាលពីថ្ងៃទី២៦-២៩ ខែឧសភា ឆ្នាំ២០២៥។
កិច្ចប្រជុំ Asia Tech x Singapore (AtxSG) បែងចែកជាកម្មវិធីសំខាន់ៗ ២៖
១៖ AtxSummit៖ ជាកម្មវិធីកំពូលដែលបង្កើតវេទិកាកិច្ចពិភាក្សាលើបច្ចេកវិទ្យា និងគោលនយោបាយសំខាន់ៗក្នុងវិស័យនានា ជាអាទិ៍ បញ្ញាសិប្បនិម្មិត ទំនុកចិត្តឌីជីថលលើប្រព័ន្ធឌីជីថលនិងទិន្នន័យ អភិបាលកិច្ច និងសុវត្ថិភាព ការទំនាក់ទំនងក្នុងលំហ និងតាមរយៈបច្ចេកវិទ្យាកង់ទិច។
២៖ AtxEnterprise៖ ដែលមានការរៀបចំជាសន្និសិទ និងការតាំងពិព័រណ៌ពីក្រុមហ៊ុនក្នុងវិស័យឯកជនជាច្រើន ផ្តោតលើបច្ចេកវិទ្យាឈានមុខនានា រាប់បញ្ចូលទាំងបញ្ញាសិប្បនិម្មិត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងផ្កាយរណប សម្រាប់បម្រើដល់សហគ្រាស។
ក្នុងឱកាសនៃការចូលរួមកម្មវិធី AtxSummit រដ្ឋលេខាធិការ កែវ សុទ្ធិ និងគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំតុមូលដែលប្រព្រឹត្តទៅក្នុងទម្រង់បិទរវាងរដ្ឋាភិបាល-រដ្ឋាភិបាល ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំពី ១៨ ប្រទេស និងបណ្តាអង្គការអន្តរជាតិ។
កិច្ចប្រជុំពិភាក្សាផ្តោតលើប្រធានបទនានាពាក់ព័ន្ធនឹងការជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតប្រកបដោយទំនុកចិត្ត។ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដែលមានសុវត្ថិភាព សន្តិសុខ និងទុកចិត្តបាន អង្គប្រជុំឯកភាពថា ចាំបាច់តម្រូវឱ្យមានការបន្តការផ្សព្វផ្សាយការយល់ដឹងអំពីបញ្ញាសិប្បនិម្មិតដែលជាបច្ចេកវិទ្យាឈានមុខ ការទាញយកផលប្រយោជន៍ជាអតិបរមា ព្រមទាំងសិក្សាអំពីហានិភ័យនិងបញ្ហាប្រឈមពាក់ព័ន្ធដែលគួរចាត់ទុកជាអាទិភាពសម្រាប់ស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពនិងប្រសិទ្ធផល។
ជាមួយគ្នានេះ ក្នុងឱកាសនៃការចូលរួមកម្មវិធី AtxEnterprise លោក ជាង វុត្ថា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាល បានធ្វើបទបង្ហាញអំពីដំណើរនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រដ្ឋាភិបាល verify.gov.kh ផងដែរ។
បន្ថែមលើនេះ សិក្ខាសាលា Global Cross-Border Privacy Rules (CBPR) ប្រព្រឹត្តទៅក្នុងទម្រង់ជាកម្មវិធីស្រប ជាមួយកិច្ចប្រជុំ AtxSG ក្នុងគោលបំណងប្រមូលផ្តុំមន្ត្រីរាជការ និយ័តករ និងអង្គភាពពាក់ព័ន្ធជំនាញឯកជនភាពនិងកិច្ចការពារទិន្នន័យបុគ្គល ដើម្បីចូលរួមពិភាក្សាលើកិច្ចការពារទិន្នន័យសំដៅជំរុញប្រព័ន្ធកិច្ចការពារឯកជនភាពឆ្លងដែនសកល (Global Cross-Border Privacy Rules System) និងការទទួលស្គាល់ឯកជនភាពសកលសម្រាប់អ្នកធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គល (Global Privacy Recognition for Processors - PRP)៕