(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រី្ដ បានចេញលិខិតថ្លែងអំណរគុណ គោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ។
តាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានសរសេរថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សូមអនុញ្ញាតគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានអនុញ្ញាត ឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីចំនួន៥០រូប ចូលជួបសម្តែងការគួរសម និងគោរពជម្រាបជូននូវរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៤ និងផែនការសកម្មភាពឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ និងបានផ្តល់អនុសាសន៍ណែនាំ ដែលមានអត្ថន័យខ្លឹមសារគិតគូរ ដល់សុខុមាលភាពសង្គម និងសិទ្ធិរបស់ស្ត្រី ដូចខាងក្រោម៖
១៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី រៀបចំសំណើដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំកំណត់កូតាសម្រាប់ មុខតំណែងស្ត្រីក្នុងតួនាទី ជាអភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឱ្យមានយ៉ាងតិចចំនួន ២រូប។
២៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្នើទៅក្រសួងមុខងារសាធារណៈ នៅពេលមានការប្រឡងជ្រើសរើសក្របខណ្ឌ ត្រូវកំណត់ឱ្យមានកូតាស្ត្រី ដែលដាក់ពាក្យចូលរួមប្រលង ឱ្យបានយ៉ាងតិចចំនួន ៥០% (ហាសិបភាគរយ) នៃចំនួនអ្នកដែលបានដាក់ពាក្យប្រឡង។
៣៖ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីធ្វើអនុត្តរភាពពង្រឹងអំណាចស្ត្រីលើគ្រប់វិស័យ ដោយចាប់ផ្តើមពីវិស័យសេដ្ឋកិច្ចជាមុន។
៤៖ សម្តេចតេជោ នឹងប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់អន្តេវាសិកដ្ឋាននៅរាជធានីភ្នំពេញ សម្រាប់និស្សិត ស្ត្រីថ្នាក់ឧត្តមសិក្សា ហើយនឹងប្រគល់អន្តេវាសិកដ្ឋាននោះ ជូនក្រសួងកិច្ចការនារីជាអ្នកគ្រប់គ្រង។
៥៖ សម្តេចតេជោ នឹងទទួលជួបសហគ្រិនស្ត្រី ដែលនឹងរៀបចំដោយក្រសួងកិច្ចការនារី តាមកាលបរិច្ឆេទ សមរម្យរបស់សម្តេចតេជោ៕