(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
លោក លឹម សៀងសៀង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងសប្បុរសជនដែលបានផ្តល់ជាសម្ភារ និងថវិកាជូនដល់លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលនេះ។
អភិបាលក្រុងបាវិត បានគូសបញ្ជាក់ថា ថ្វីត្បិតអំណោយដែលនាំយកមកចែកជូននាពេលនេះ មិនគ្រប់គ្រាន់តាមតម្រូវការពិតមែន តែក៏អាចជួយសម្រួលដោះស្រាយជីវភាពបានមួយគ្រាផងដែរ។
ជាមួយគ្នានេះ លោក លឹម សៀងហេង បានថ្លែងអំណរគុណសប្បុរសជនដែលតែងតែចូលរួមឧបត្ថម្ភជាសម្ភារជាថវិកាតាមរយៈលោក ដើម្បីចែកជូនដល់ប្រជាពលរដ្ឋចាស់ជរា ដែលមានជីវភាបខ្វះខាតនៅក្នុងមូលដ្ឋាន ក្រុងបាវិតជាញឹកញាប់ផងដែរ។
បន្ថែមលើសពីនេះ លោកអភិបាលក្រុងបាវិត បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវថែសុខភាពឲ្យបានល្អ ព្រោះរដូវនេះជារដូវវស្សាហើយនៅពេលមានភ្លៀងផ្គររន្ទះត្រូវបិទ ទូរស័ព្ទ វិទ្យុ ទូរទស្សន៍ និងវត្ថុដែលងាយបង្កគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ព្រមទាំងត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើស្រែឲ្យបានទាន់ពេលវេលាក្នុងរដូវវស្សានេះ។
សូមបញ្ជាក់ថា អំណោយដែលយកមកចែកជូនទាំង១០០គ្រួសារក្នុងមួយគ្រួសារទទួលបាន អង្ក២៥គីឡូក្រាម មីមួយកេះ ទឹកត្រីមួយយួរ ទឹកសុីអុីវមួយយួរ និងថវិកា៥០០០០រៀលផងដែរ៕