(ភ្នំពេញ)៖ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជាការចាប់ផ្ដើមក្នុងឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរចិនមកប្រទេសកម្ពុជា គឺមានការកើនឡើង បើធៀបនឹងឆ្នាំ២០២៤កន្លងទៅ ពោលក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ៣៨ម៉ឺននាក់ កើនឡើងប្រមាណ៤៩% បើធៀបទៅនឹងរយៈពេល៤ខែ នៃឆ្នាំ២០២៤។
ការលើកឡើងនេះ ក្នុងឱកាសដែលបណ្ដាញសារព័ត៌មាន Fresh News មានកិច្ចសម្ភាសពិសេសជាមួយ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ស្តីពី «ក្ដីរំពឹងនៃការទទួលភ្ញៀវទេសចរចិន ក្រោយដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅកម្ពុជា»។
លោកបណ្ឌិត ជុក ជំនោរ បានលើកឡើងយ៉ាងដូច្នេះថា «៤ខែនៃដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២,៤លាននាក់ កើនឡើងប្រមាណ ១៤% នៅក្នុងនោះមានភ្ញៀវទេសចរចិនប្រមាណ ៣៨ម៉ឺននាក់ កើនឡើងប្រមាណ៤៩% បើធៀបទៅនឹងឆ្នាំ ២០២៤»។
អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា បញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិ ប្រមាណ៦,៧លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ៨៥ម៉ឺននាក់ កើនឡើង៥៥% បើធៀបទៅមុនដំណាក់កាលកូវីដ១៩ ប៉ុន្ដែចំនួននេះមិនទាន់សមស្របតាមអ្វីដែលកម្ពុជាចង់បាននោះទេ ពោលគឺ មុនដំណាក់កាលកូវីដ១៩ កម្ពុជាធ្លាប់ទទួលបានទេសចរចិន រហូតដល់ជាង ២លាននាក់ឯណោះ នៅឆ្នាំ២០១៩។
ចំពោះ ស្ថិតិនៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរវិញ ភ្ញៀវទេសចរដែលបានទិញប័ណ្ណចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ១លាន២ម៉ឺន៣ពាន់សន្លឹក កើនឡើង ២៨% ជាង ដែលទទួលចំណូលបានប្រមាណ ៤៨លានដុល្លារ ក្នុងនោះមានភ្ញៀវទេសចរចិនប្រមាណ ៨ម៉ឺន២ពាន់នាក់ កើនឡើង ៤៨% ស្ថិតនៅលំដាប់ទី៣ បើធៀបទៅនឹងភ្ញៀវទេសចរ អាមេរិក និងភ្ញៀវទេសចរ អង់គ្លេស។ នេះបើយោងតាមការបញ្ជាក់របស់ លោកបណ្ឌិត ជុក ជំនោរ។
សូមជម្រាបថា នៅក្នុងឆ្នាំ ២០២៥នេះ កម្ពុជា បានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្តចំនួន ៧ លាននាក់ ក្នុងនោះកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនជាង ១លាននាក់។ ដើម្បីសម្រេចនូវតួរលេខនេះបាន រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកក្នុងការជំរុញការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ ឈរលើទស្សនទានស្អាត និងបៃតង បន្ថែមលើការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅ ទេសចរណ៍ដែលមានស្រាប់ ដើម្បីជំរុញឲ្យមានការរៀបចំពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានកែច្នៃលំដាប់ថ្នាក់អន្តរជាតិ រមណីយដ្ឋានបែបអេកូទេសចរណ៍ ទេសចរណ៍កីឡា ទេសចរណ៍តំបន់ឆ្នេរ/កោះ ទេសចរណ៍វ័យចំណាស់ជាដើម៕