(សៀមរាប)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើដល់បុគ្គលិកសុខាភិបាល បន្តពង្រឹងសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ ដើម្បីឲ្យក្លាយជាមណ្ឌលសុខភាពគំរូ និងត្រូវពិនិត្យ និងពង្រឹងការងារផ្តល់សេវាសារវ័ន្ត នៅមណ្ឌលសុខភាពផងដែរ។
ជាពិសេស បង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ ព្រមទាំង គាំទ្រ និងពង្រឹងដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងដឹកនាំកិច្ចប្រជុំ ស្តីពី «ផែនការឆ្នាំ២០២៥ ដើម្បីជម្រុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព» នៅខេត្តសៀមរាប។
ការស្នើយ៉ាងដូច្នេះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព នៃការអនុវត្តជំរុញ បង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក លោកស្រី ជាអភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គរភាព ស្រុកប្រតិបត្តិទាំង៤ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មណ្ឌលសុខភាព និងអង្គការដៃគូរចូលរួមផងដែរ។
ថ្លែងក្នុងកិច្ចស្វាគមន៍ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា ការផ្តល់សេវាសុខភាពក្នុងការពិនិត្យ ពិគ្រោះ ថែទាំ ព្យាបាលជំងឺ រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តផ្តល់សេវាបង្គ្រប់កម្រិត៣, មន្ទីរពេទ្យបង្អែកស្រុកផ្តល់សេវា បង្គ្រប់កម្រិត២ ចំនួន៤កន្លែង មន្ទីរពេទ្យបង្អែកស្រុកផ្តល់សេវាបង្គ្រប់កម្រិត១ ចំនួន០១កន្លែង មណ្ឌលសុខភាព ចំនួន៩៣ និងប៉ុស្តិ៍សុខភាព ចំនួន០២កន្លែង។
លោកវេជ្ជបណ្ឌិត បន្តថា មានគ្រែសម្រាកព្យាបាលជម្ងឺចំនួន ៧០៣គ្រែ និងនៅមាន មន្ទីរពេទ្យធំៗចំនួនបីទៀត គឺមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានគ្រែសម្រាកព្យាបាល ចំនួន ១,១២៩គ្រែ, មន្ទីរពេទ្យកុមារអង្គរ មានចំនួន ១០០គ្រែ និងមន្ទីរពេទ្យយោធ ភូមិភាគ៤ ចំនួន៥០គ្រែ និងសេវាឯកជន ដែលមានច្បាប់ អនុញ្ញាត៨៨៥កន្លែង បាន និងកំពុងផ្តល់សេវា ពិនិត្យពិគ្រោះ ព្យាបាលជំងឺយ៉ាងសកម្មជូនប្រជាជន។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកនូវអនុសាសន៍ ដែលបានលើកឡើងកន្លងមកទាំង១៩ចំណុច ដើមី្បធ្វើការជំរុញ និងណែនាំដល់អាជ្ញាធរ និងគ្រូពេទ្យ ក្នុងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព លើសេវាសុខាភិបាល ដោយកត្តាសុខភាពជាចម្បងសម្រាប់យើងគ្រប់គ្នា។
លោកស្រីវេជ្ជបណ្ឌិត បានវាយតម្លៃខ្ពស់ទៅលើលទ្ធផល ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ទទួលបានដោយមានការចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋាន បានធ្វើឲ្យសេវាសុខាភិបាល មានកំណើនឡើង នៅតាមមណ្ឌលសុខភាព ព្រមទាំងបានលើកអំពីចំណុចវិជ្ជមាន និងអវិជ្ជមាន នៅតាមមណ្ឌលសុខភាពមួយចំនួន។
លោកស្រីវេជ្ជបណ្ឌិត បន្តថា ក្រុមការងារបានចុះពិនិត្យ និងណែនាំជម្រុញការកែលម្អមណ្ឌលសុខភាពចំនួន ៣៩កន្លែង ជាមណ្ឌលសុខភាពគំរូ និង៤១មណ្ឌល ត្រូវធ្វើឲ្យបានល្អ និង១៣មណ្ឌល ឲ្យទៅជាល្អបង្គួរ នៅក្នុងខេត្តសៀមរាប ព្រមទាំងផ្សារភ្ជាប់ជាមួយសហគមន៍ឲ្យបានល្អផងដែរ។
លោក នាក់ ណេរ៉ុន ក៏បានអំពាវនាវដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការសុខាភិបាល និងដៃគូអភិវឌ្ឍទាំងអស់ បន្តយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ដោយផ្សព្វផ្សាយឲ្យមានការបង្កើតក្រុមការងារគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌ ជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា ឲ្យបានគ្រប់ក្រុង ស្រុកទាំង១៣ ព្រមទាំងចាត់វិធានការពង្រឹង និងអនុវត្តទៅតាមគោលនយោបាយ និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល និងរៀបចំផែនការសកម្មភាព ទៅតាមគោលការណ៍ណែនាំការថែទាំសុខភាពបឋម ទៅក្នុងផែនការវិនិយោគ ៣ឆ្នាំរំកិលលសម្រាប់ឃុំ សង្កាត់។
លោកបញ្ជាក់ថា គ្រប់អ្នកពាក់ព័ន្ឋទាំងអស់ត្រូវឈរលើស្មារតីយោគយល់ សាមគ្គីភាព និងនាំមកនូវគំនិតថ្មី ទស្សនៈថ្មីដ៏សមស្របសម្រាប់អនាគត ដែលជាការផ្តួចផ្តើម និងសម្របសម្រួល សំដៅលើកកំពស់ សមត្ថភាព និងគុណភាពនៃប្រព័ន្ឋសុខាភិបាលទំនើប ធ្វើយ៉ាងណាឲ្យការអនុវត្តន៍យុទ្ឋសាស្ត្រកម្មវិធីសុខាភិបាល នៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់គ្របដណ្តប់របស់ខ្លួន៕