(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោកស្រី អ៊ុក ពង្សបុប្ផា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់ស្វាមី បិតា និងជីតា ជាទីគោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវ ព្រឹទ្ធាចារ្យគុនបុរាណខ្មែរ ប្រកបដោយវីរភាពដ៏ឧត្ដុង្គឧត្តមមួយរូបរបស់កម្ពុជា ដែលបានលះបង់បូជាកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីមិនខ្លាចនឿយហត់ ក្នុងការខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រង និងរក្សាទុកគុនល្បុក្កតោបុរាណខ្មែរជាឯកសារដ៏មានតម្លៃ ស្របតាមក្បួនខ្នាត់ត្រឹមត្រូវ។ លោកព្រឹទ្ធាចារ្យក្រមាមាស បានបណ្ដុះបណ្តាលយុវជនជំនាន់ក្រោយ បានដឹកនាំការប្រកួត និងបានផ្សព្វផ្សាយគុនល្បុក្កតោ ឱ្យទទួលបានភាព ល្បីល្បាញរន្ទឺលើឆាកអន្តរជាតិ រហូតទទួលបានការចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក។
នៅក្នុងសារលិខិតសម្ដេចតេជោបានបញ្ជាក់ថា «ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីតក់ស្លុតក្រៃលែង ចំពោះដំណឹងមរណភាពរបស់ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលត្រូវជាស្វាមីរបស់លោកស្រី ជាប្រធានបណ្ឌិត្យសភាល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធ
កីឡាគុនល្បុក្កតោកម្ពុជា ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ»។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា «គំរូវីរភាព និងមនសិការស្នេហាជាតិ ចូលរួមលើកស្ទួយវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីយ៍គុនល្បុក្កតោដ៏ឧត្ដុង្គឧត្តមរបស់ លោកព្រឹទ្ធាចារ្យក្រមាមាស ពិតជានឹងស្ថិតក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់រូប និងសូម ចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារ។ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បានស្ថិតក្នុងឋានបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ។ សូម លោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕