(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលថវិកាបរិច្ចាគចំនួន ៧០ម៉ឺនដុល្លារអាមេរិកពីក្រុមយុវជនបូជាការពារយុត្តិធម៌ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»។

ពិធីប្រគល់ និងទទួលនេះ ក៏មានអញ្ជើញចូលរួមពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងយុវជនបូជាការពារយុត្តិធម៌ និងតំណាងសប្បុរសជន និង លោកបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ជាកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌។ ជាក់ស្ដែងនៅថ្ងៃនេះ លោកបានបរិច្ចាគថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ហើយនេះក៏មិនមែនជាលើកទី១ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ ព្រមទាំងក្រុមការងារ បានចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា គឺជាច្រើនលើកច្រើនសារមកហើយ បើគិតចាប់តាំងពីឆ្នាំ២០១៩មក។

នាឱកាសនោះលោកជំទាវបណ្ឌិតបានថ្លែង ថ្លែងអំណរគុណដល់ទឹកចិត្ដដ៏ល្អរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ ព្រមទាំងក្រុមការងារ ដែលបានចូលរួមជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទៅដល់កុមារកម្ពុជាយើង។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផាបានដំណើរការចំនួន ៣៣ឆ្នាំមកហើយចាប់ផ្តើមដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ក្រោមការដឹកនាំ របស់ លោកវេជ្ជ-បណ្ឌិត បេអាត រិចឈ្នឺរ និង ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានព្យាបាល និងសង្គ្រោះកុមារកម្ពុជារាប់មិនអស់។

លោកជំទាវបណ្ឌិតបានថ្លែងបន្ដថា «ក្នុងមួយថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាទទួលអ្នកជំងឺជាង២ពាន់នាក់ ទៅ៣ពាន់នាក់ ហើយក្នុងមួយថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាប្រមាណ១២ម៉ឺនដុល្លារ ដូច្នេះក្នុងមួយឆ្នាំមន្ទីរពេទ្យចំណាយថវិកា ជាង៤៣លានដុល្លារ ដើម្បីជួយសង្គ្រោះជីវិតទារក កុមារ និងស្ដ្រីមានផ្ទៃពោះ ហើយថវិកានេះគឺបានមកពីការចូលរួមរបស់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកដែលបានចូលរួមជួយ ។ថ្ងៃនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ ព្រមទាំងក្រុមការងារ បានយកថវិកាមកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា គឺចំពេលដែលយើងធ្វើយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលបានបើកយុទ្ធនាការកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ ដែលមានការចូលរួមជាច្រើនរយនាក់ពីសប្បុរជន ដែលយុទ្ធនាការនេះ គឺដើម្បីកៀរគរសប្បុរសជនចូលរួមឱ្យកាន់តែច្រើន និងផុសផុល»។

លោកជំទាវបណ្ឌិតបានថ្លែងទៀថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» នេះ គឺយើងធ្វើរយៈពេល១ខែពេញ ហើយយើងធ្វើឡើងក្នុងគោលបំណងចំនួន២ ទី១) យើងយកថ្ងៃទី១ មិថុនា ជាថ្ងៃបើកយុទ្ធនាការ គឺជាចំថ្ងៃទិវាកុមារអន្ដរជាតិ ដែលចង់បង្ហាញថា កុមារទាំងអស់គឺត្រូវការមើលការថែទាំពីយើងទាំងអស់គ្នា ព្រោះថាកុមារគឺអនាគតធនធានដ៏សំខាន់របស់ប្រទេសកម្ពុជាយើង ដូច្នេះតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាការជួយដល់កុមារជាច្រើន ឱ្យរួសរានមានជីវិតឡើវិញ។ ទី២) យុទ្ធនាការនេះគោលបំណង គឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព»។

ក្នុងឱកាសនោះដែរនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងយុវជនបូជាការពារយុត្តិធម៌ និងតំណាងសប្បុរសជន តាងនាមឱ្យក្រុមយុវជនបូជាការពារយុត្តិធម៌ និងតាងនាមសប្បុរសជនទាំងអស់ បានសម្ដែងនូវ
សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា។

សមាជិក សមាជិកានៃក្រុមយុវជនបូជាការពារយុត្តិធម៌គ្រប់ៗរូប បានមើលឃើញយ៉ាងច្បាស់ និងសូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះបេសកកម្មប្រកបដោយសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស ក្នុងការកៀរគរអំណោយ និងវិភាគទានពីគ្រប់ប្រភពនានា ដើម្បីរួមចំណែកក្នុងបេសកកម្មដ៏ថ្លៃថ្លា ធានាឱ្យបាននូវចីរភាពប្រភពចំណូលសម្រាប់ទ្រទ្រង់ហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការប្រកបដោយនិរន្តរភាព។

សូមជម្រាបថា ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺទារក និងកុមារ ព្រមទាំង សេវាសម្ភព ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព, មូលនិធិគន្ធបុប្ផាកម្ពុជា តែងតែបង្វែរថវិកាជាបន្តបន្ទាប់ជូនមន្ទីរពេទ្យគន្ធបុប្ផា។

ជាក់ស្ដែងកាលពីឆ្នាំ ២០២៤ កន្លងទៅ, មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកា ចំនួនប្រមាណជាង ៨លានដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា, កើនឡើង ១២៥ % បើធៀបនឹងឆ្នាំ ២០២៣, ដែលមានចំនួនប្រមាណត្រឹមតែ ៣,៥៨លានដុល្លារអាមេរិក, ខណៈដែលក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ នេះមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៦,៦៤លានដុល្លារអាមេរិកផងដែរ។ ការផ្ទេរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាជាបន្តបន្ទាប់នេះ គឺជាការបន្ថែមលើថវិកា ចំនួន ១០លានដុល្លារអាមេរិក ដែលរាជរដ្ឋាភិបាលតែងតែផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ជារៀងរាល់ឆ្នាំ, ក្នុងនោះ ៤លានដុល្លារអាមេរិក តាមរយៈក្រសួងសុខាភិបាលកម្ពុជា និង ៦លានដុល្លារអាមេរិកទៀត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ស្វីស៕