(បាត់ដំប)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខានៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នេះ បានចាត់ឱ្យមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហកម្ពុជា ខេត្តបាត់ដំបង បន្តផ្សព្វផ្សាយស្តីពី ខួបលើកទី១៦២ ទិវាពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជាក្រោមមូលបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់​នឹងអាកាសធាតុ» និងវិធានការក្តាប់បានស្ថិតិគ្រួសារងាយរងគ្រោះបំផុតតាម ភូមិ ឃុំសង្កាត់ជូនដល់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមនិងអាជ្ញាធរមូលដ្ឋានភូមិឃុំ ចំនួន ១៦៤ នាក់ ស្រី១៤នាក់ មកពីភូមិ ចំនួន ១៣៧ភូមិ និងឃុំ១៤នៃស្រុករុក្ខគីរី និងស្រុកមោងឬស្សី។

វគ្គផ្សព្វផ្សាយនេះមានការចូលរួមពីលោក ទេព ហន អភិបាលស្រុកស្រុកមោងឬស្សី លោក ឆាត ឈៀក អភិបាលរងស្រុករុក្ខគីរី ក្រោមការសម្របសម្រួលពី លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះលោក យ៉ាន ឧត្តម បានពាំនាំមកជាមួយនូវសេចក្តីនឹករលឹក ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីលោក សុខ លូ ប្រធានគណៈកម្មាធិការ​សាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមកាកបាទក្រមឃុំ អ្នកស្ម័គ្រចិត្តភូមិទាំងអស់ និងបានថ្លែងនូវការកោតសរសើរ​ចំពោះកម្លាំងអ្នកស្ម័គ្រចិត្ត​ដែលតែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។

ជាមួយគ្នានេះលោកនាយករង បានរំលឹកពីប្រវត្តិនៃការកកើតកម្លាំងអ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាបណ្តាញអ្នកស្ម័គ្រចិត្តរបស់ពិភពលោក។ ទន្ទឹមនឹងនេះ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវបានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម, គោលការណ៍គ្រឹះទាំង ៧របស់ចលនា និងវិជ្ជាសង្គ្រោះបឋម ដែលអាចយកទៅអនុវត្តបានក្នុងការជួយដល់ប្រជាពលរដ្ឋនៅសហគមន៍ដែលជួបប្រទះគ្រោះថ្នាក់ផ្សេងៗ។

លោកនាយករងសាខាបានបន្តថា ប្រធានបទនៃខួបលើកទី១៦២ នៃទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហមឆ្នាំ២០២៥នេះគឺ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់ កាកបាទក្រហមកម្ពុជា លើកិច្ចការត្រៀមជួយសង្គ្រោះ មិនត្រឹមតែភាពងាយរងគ្រោះរបស់កម្ពុជាចំពោះគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតួនាទី​ពាក់ព័ន្ធ​របស់កាកបាទក្រហមកម្ពុជា នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងទៀត។ កាកបាទក្រហមកម្ពុជានាបច្ចុប្បន្ននេះ បានឈានមុខគេក្នុងការត្រៀមរៀបចំគ្រោះមហន្តរាយអាកាសធាតុ ការអប់រំសហគមន៍ និងការឆ្លើយតបគ្រាអាសន្ន ដោយធានាថា គ្មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានទុកចោល នៅពេលមានគ្រោះមហន្តរាយកើតឡើងឡើយ។

លោក យ៉ាន ឧត្តម ក៏បានគូសបញ្ជាក់ថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវក្តាប់ឱ្យបាននូវស្ថានភាពគ្រួសារងាយរងគ្រោះបំផុត ដូចជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រាដើម្បីជួយពួកគាត់​ឱ្យបានល្អប្រសើរ និងប្រសិទ្ធភាព ចំគោលដៅថែមទៀតផងដែរ។

លោក យ៉ាន ឧត្តម ក៏បានអំពាវនាវសូមឱ្យយកចិត្តទុកដាក់គិតគូរពីការថែរក្សាសុខភាពឱ្យបានល្អ ដោយការហូបអាហារសុខភាព ត្រូវនាំគ្នាហាត់ប្រាណ ត្រូវនាំគ្នាបញ្ចេញពលកម្ម កាត់បន្ថយការបរិភោគគ្រឿងកំប៉ុង ឬអាហារដែលវេចខ្ចប់ ឬអាហារចៀន អាហារបំពង ឬអាហារដែលមានខ្លាញ់ច្រើន ស្ករច្រើន និងប្រៃពេក ដើម្បីបញ្ចៀសបាននូវជំងឺមិនឆ្លងនានា ដូចជា ជំងឺបេះដូងសរសៃឈាម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺទឹកនោមផ្អែម, ជំងឺមហារីកជាដើម។

បន្ថែមពីនេះក៏សូមចូលរួមជួយថែរក្សា និងការពារបរិស្ថានឱ្យបានល្អ គឺត្រូវចាប់ផ្តើមពីការមិនប្រើថង់ប្លាស្ទិក ឬរបស់ប្លាស្ទីកផ្សេងៗរហូតដល់ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការដុតសំរាម​ដែលនាំឱ្យប៉ះពាល់សុខភាព និងបរិស្ថាន ហើយត្រូវនាំគ្នាដាំដើមឈើ ដើម្បីទប់ទល់បានទៅនឹងការប្រែប្រួលអាកាសធាតុនៅលើភពផែនដី។

លោកនាយករងសាខា បានឱ្យដឹងថាកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទាំងជាតិ និងអន្តរជាតិ។ ខណៈការផ្តោតសំខាន់របស់កាកបាទក្រហម ដែលតែងតែជួយ​ដល់ប្រជាជន​របស់ខ្លួននៅក្នុងស្រុក តួយ៉ាងដូចជាអតីតកាលរបស់កម្ពុជា ដែលស្ថិតក្នុងពេលមានសង្រ្គាម, គ្រោះធម្មជាតិនិងវិបត្តិសុខភាពនោះ, កាកបាទក្រហមកម្ពុជា ក៏នៅបានរួមចំណែកជួយដល់​ចលនាកាកបាទក្រហមអន្តរជាតិ​យ៉ាងទូលំទូលាយតាមមធ្យោបាយសំខាន់ៗគួរឱ្យកត់សម្គាល់ផងដែរ៕