(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣ ៥១៧ ១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១ ៨៣២នាក់ ហើយយុទ្ធនាការនេះនឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥នេះ។ នេះបើយោងតាមរបាយការណ៍របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានបើកដំណើរនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គិតត្រឹមដល់ពេលនេះគឺជាលើកទី៤ហើយ នេះគឺជាលើកទីពីរ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំ និងបើក «យុទ្ធនាការ ១ម៉ឺនរៀល, ១ម៉ឺននាក់» ដោយផ្ទាល់ដ៏ខ្ពង់ខ្ពស់បន្ទាប់ពីលោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយសដ៏ថ្លៃថ្លា ក្នុងការដឹកនាំ និងការបើកយុទ្ធនាការនេះម្ដងរួចមកហើយ លើទឹកដីអង្គរ នៃខេត្តសៀមរាប កាលពីឆ្នាំ ២០២៤កន្លងទៅ។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី “ខែ្មរជួយខ្មែរ”។
ការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងខែមិថុនានេះ ជាការចូលរួមអបអរសាទរ «ទិវាកុមារអន្តរជាតិ ១ មិថុនា» និងដើម្បីជាការរម្លឹកឱ្យមានការបន្តបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមមួយគឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬលេខគណនីធនាគារ ដូចមានក្នុងរូបខាងក្រោម៕