(សាធារណរដ្ឋកូរ៉េ)៖ តបតាមអញ្ជើញរបស់លោក Kim Jae Shin អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ASEAN-Korea Center (AKC) លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ពី មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
បន្ថែមពីនេះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើ គម្រោងសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាថ្មីៗក្នុងឆ្នាំនេះ ដើម្បីជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាបានទូលំទូលាយដល់ប្រជាជន និងវិនិយោគិនកូរ៉េ ឲ្យមកធ្វើទេសចរណ៍ និងបណ្តាក់ទុនវិនិយោគឲ្យបានកាន់តែច្រើនបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកអគ្គលេខាធិការ រដ្ឋាភិបាល និងប្រជាជនកូរ៉េដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក ដូចដែលបានបន្សល់ទុកនូវសមិទ្ធិផលប្រកបដោយផ្លែផ្កា និងជាក់ស្តែងដូចសព្វថ្ងៃ និងស្នើសុំឲ្យបន្តជួយគាំទ្របន្តទៀត៕